បណ្តាប្រមុខការពារជាតិអង្គការណាតូពិភាក្សាគ្នាអំពីជំនួយដល់អ៊ុយក្រែនដែលជាផែនការរបស់សម្ព័ន្ធមិត្ត
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ -- បណ្តាប្រមុខការពារជាតិរបស់សមាជិកអង្គការណាតូ មកពី ២៧ប្រទេស និងរដ្ឋដៃគូចំនួន២០ បើកកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងប្រ៊ុចសែលនៅថ្ងៃទី១៥-១៦ ខែមករានេះ ដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន និងបេសកកម្មដែលកំពុងបន្តរបស់សម្ព័ន្ធមិត្ត និងផែនការដើម្បីទប់ទល់នឹងប្រទេសរុស្ស៊ី ក៏ដូចជាការពិនិត្យមើលឡើងវិញនូវស្ថានភាពនៅក្នុងតំបន់ភាគខាងត្បូងសកលលោក។ នេះបើយោងតាមសេវាសារព័ត៌មានរបស់អង្គការណាតូ។
កិច្ចប្រជុំនេះនឹងត្រូវដឹកនាំដោយលោក រ៉ូប បូអ័រ (Rob Bauer) ប្រធានគណៈកម្មាធិការយោធា និងគាំទ្រដោយអគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រុតតេ (Mark Rutte) លោក គ្រីស្តូហ្វឺរ កាវ៉ូលី (Christopher Cavoli) មេបញ្ជាការសម្ព័ន្ធមិត្តកំពូលអឺរ៉ុប (SACEUR) និងលោក ភ្ញែរ វ៉ង់ឌីយេរ (Pierre Vandier) មេបញ្ជាការកំពូលនៃការផ្លាស់ប្តូរសម្ព័ន្ធមិត្ត (SACT)។
យោងតាមសេវាសារព័ត៌មានបានឱ្យដឹងថា ក្នុងអំឡុងពេលសម័យប្រជុំដំបូង លោក កាវ៉ូលី នឹងធ្វើការសង្ខេបដល់ប្រមុខការពារជាតិ ស្តីពីការត្រៀមខ្លួនរបស់អង្គការណាតូក្នុងការរារាំង និងការពារតំបន់អឺរ៉ូ-អាត្លង់ទិក និងដើម្បីការពារប្រជាជនមួយពាន់លាននាក់នៃតំបន់នោះ។ SACEUR ក៏នឹងមានការពិភាក្សាកាន់តែទូលំទូលាយផងដែរអំពីបេសកកម្មដែលកំពុងបន្តរបស់អង្គការណាតូ និងការគាំទ្រដល់អ៊ុយក្រែន រួមទាំងជំនួយសន្តិសុខ និងបណ្តុះបណ្តាលរបស់អង្គការណាតូសម្រាប់អ៊ុយក្រែន (NSATU) ដែលបានចាប់ផ្តើមទទួលបន្ទុកគាំទ្រអ៊ុយក្រែន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





