អ្នកជំនាញរុស្ស៊ី៖ អេមីរ៉ាត់អារ៉ាប់រួមអាចនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរវាងលោក ពូទីន និងលោក ត្រាំ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ -- លោក អូឡេក កាប៉ូវីច (Oleg Karpovich) សាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការវិទ្យាសាស្ត្រនៅផ្នែកការទូតនៃបណ្ឌិតសភានៃក្រសួងការបរទេសរុស្ស៊ីបានប្រាប់សារព័ត៌មានតាសស៍ (TASS) ថា ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) មានកំណត់ត្រាដ៏រឹងមាំនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនានា ហើយអាចធ្វើជាកន្លែងសម្រាប់កិច្ចប្រជុំដ៏មានសក្តានុពលរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។
លោក កាប៉ូវីច បាននិយាយថា «ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងរួមចំណែកក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន។ ពេលវេលាបានឈានមកដល់ដំណាក់កាលបន្ទាប់ហើយសម្រាប់ការបំពេញតាមសន្យាដែលបានធ្វើ»។ លោកបាននិយាយបន្ថែមថា លោក ត្រាំ បានដឹងពីគោលនយោបាយដែលបន្តដោយប្រធានាធិបតីសហរដ្ឋអាមេរិកដែលនឹងចាកចេញ គឺលោក ចូ បៃដិន (Joe Biden) ដែលបាននាំឱ្យមានវិបត្តិយ៉ាងជ្រៅនៅក្នុងទំនាក់ទំនងរុស្ស៊ី-សហរដ្ឋអាមេរិក។
លោកបានច្រានចោលប្រទេសស្វីសថាជាទីតាំងដែលអាចធ្វើទៅបានសម្រាប់កិច្ចប្រជុំនោះ។ លោកបាននិយាយថា «ប្រទេសស្វីសបានឈប់ធ្វើជាប្រទេសអព្យាក្រឹតចាប់តាំងពីប្រទេសនេះបានចូលរួមក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីមកម្ល៉េះ។ វាមិនមែនជាមូលដ្ឋានអព្យាក្រឹតដែលប្រទេសនេះធ្លាប់មាននោះទេ។ ដូច្នេះ ប្រទេសមួយនៅមជ្ឈិមបូព៌ាទំនងជាត្រូវបានជ្រើសរើស។ ក្នុងន័យនេះ ប្រទេសអេមីរ៉ាតអារ៉ាប់រួមជាជម្រើសដែលអាចពិចារណាបាន ដោយសារប្រទេសនេះមានប្រវត្តិនៃការសម្របសម្រួលការផ្លាស់ប្តូរ ការចរចា និងការពិគ្រោះយោបល់ផ្សេងៗ។ ប្រទេសអេមីរ៉ាត់អារ៉ាប់រួមមានកំណត់ត្រាវិជ្ជមាននៃការធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាបែបនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





