ម៉ាឡេស៊ីសហការជាមួយអេមីរ៉ាត់អារ៉ាប់រួមក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងការផ្លាស់ប្តូរឌីជីថល
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយថា ប្រទេសម៉ាឡេស៊ីត្រូវតែចាប់ផ្តើមការផ្លាស់ប្តូរឌីជីថលនៅក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ខ្លួនដើម្បីនៅតែនាំមុខគេនៃយុគសម័យឌីជីថល។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមកាលពីថ្ងៃទី១៤ ខែមករា លោក អាន់វ៉ា បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរឌីជីថលគ្របដណ្តប់ច្រើនមិនត្រឹមតែមជ្ឈមណ្ឌលទិន្នន័យ និងបញ្ញាសិប្បនិមិ្មត (AI) ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចាំបាច់ដែលត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។
លោកបានជំរុញឱ្យភ្នាក់ងារពាក់ព័ន្ធទាំងអស់ រួមទាំងគណៈកម្មការមូលបត្រ រតនាគារ និងធនាគារណេហ្គារ៉ា ពិនិត្យមើលទៅលើផ្នែកសំខាន់ៗដើម្បីធានាថា ម៉ាឡេស៊ីរក្សាល្បឿនជាមួយនឹងការអភិវឌ្ឍជាសកល ខណៈដែលរក្សាការត្រួតពិនិត្យដើម្បីការពារផលប្រយោជន៍សាធារណៈ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នវានុវត្តន៍ហិរញ្ញវត្ថុនឹងផ្លាស់ប្តូរទិដ្ឋភាពហិរញ្ញវត្ថុសកលលោក។
លោកបានសាទរចំពោះការអភិវឌ្ឍរបស់អេមីរ៉ាត់អារ៉ាប់រួមសម្រាប់វិស័យនេះ ដោយលោកបាននិយាយថា កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរបស់អេមីរ៉ាត់អារ៉ាប់រួមជាមួយម៉ាឡេស៊ីផ្តល់នូវឱកាសដ៏មានតម្លៃជាច្រើន។
កន្លងមក ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយ ស្តីពីកិច្ចសហប្រតិបត្តិការបញ្ញានិម្មិត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





