ប្រធានាធិបតីសិង្ហបុរី លោក ថាមេន ស្សាន់មូការ៉ាតណាម ទៅដល់ប្រទេសឥណ្ឌា
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ -- ប្រធានាធិបតីសិង្ហបុរី លោក ថាមេន ស្សាន់មូការ៉ាតណាម (Tharman Shanmugaratnam) បានទៅដល់ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយ។ដំណើរទស្សនកិច្ចរបស់លោក គឺស្របនឹងខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
យោងតាមក្រសួងកិច្ចការបរទេសឥណ្ឌា (MEA) បានឱ្យដឹងថា លោកត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម លោក ជីទីន ប្រាសាដា (Jitin Prasada) នៅអាកាសយានដ្ឋាន។
ដោយចែករំលែករូបភាពនៃការទៅដល់របស់ប្រធានាធិបតីសិង្ហបុរីអ្នកនាំពាក្យក្រសួងការបរទេស លោក រេនដ៍ហៀ ចៃស្វាល់ (Randhir Jaiswal) បានសរសេរថា «ការប្រារព្ធពិធីពិសេសនៃខួបលើកទី៦០ នៃទំនាក់ទំនងការទូត ប្រធានាធិបតីសិង្ហបុរីបានមកដល់ទីក្រុងញូវដេលីសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ។ លោកបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្ម លោក ជីទីន ប្រាសាដា នៅអាកាសយានដ្ឋាន»។
គួរកត់សម្គាល់ថា ប្រធានាធិបតីសិង្ហបុរីកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។
យោងតាមក្រសួង MEA បានឱ្យដឹងថា លោក ថាមេន នឹងត្រូវទទួលស្វាគមន៍នៅមុខវិមានរ៉ាស់ត្រាប៉ាទី បាវ៉ាន់ (Rashtrapati Bhawan)នៅថ្ងៃទី១៦ ខែមករា។ ក្នុងដំណើរទស្សនកិច្ចនេះ លោក ថាមេន នឹងជួបពិភាក្សាជាមួយលោកស្រីប្រធានាធិបតី ឌ្រូប៉ាឌី ម័រមូ (Droupadi Murmu) ដែលនឹងរៀបចំពិធីជប់លៀងជាកិត្តិយសផងដែរ។ លោកនាយករដ្ឋមន្ត្រី ណារេនដ្រា ម៉ូឌី (Narendra Modi) នឹងជួបជាមួយប្រធានាធិបតីសិង្ហបុរី។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក អេស ចៃស្សាន់ការ (S Jaishankar) និងឥស្សរជនឥណ្ឌាមួយចំនួនទៀតនឹងជួបជាមួយលោក ថាមេន។ លោក ថាមេន ក៏នឹងទៅទស្សនកិច្ចតំបន់អូឌីស្សា (Odisha) ផងដែរ ពីថ្ងៃទី១៧-១៨ ខែមករា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





