អេមីរ៉ាតអារ៉ាប់រួម និងហ្វាំងឡង់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ -- លោកស្រី សារ៉ា អាល់ អាមីរី (Sarah Al Amiri) រដ្ឋមន្ត្រីក្រសួងអប់រំរបស់អេមីរ៉ាត់អារ៉ាប់រួម បានជួបជាមួយលោក ភែតទ័រី អូប៉ូ (Petteri Orpo) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋហ្វាំងឡង់ នៅអាគារអប់រំហ្សាយ៉េដក្នុងទីក្រុងឌូបៃ សម្រាប់កិច្ចពិភាក្សាអំពីមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ ដើម្បីសម្រេចបាននូវគោលដៅអប់រំជាតិរួមគ្នា។
កិច្ចប្រជុំនោះបានស្វែងយល់ពីប្រធានបទសំខាន់ៗមួយចំនួន ដែលរួមមានការជំរុញនវានុវត្តន៍ក្នុងវិស័យអប់រំ ការលើកកម្ពស់កិច្ចសហការសិក្សានិងវិធីសាស្រ្តបង្រៀនបែបទំនើប។ វាបង្ហាញពីការផ្លាស់ប្តូរគ្នានូវការអនុវត្តប្រកបដោយជោគជ័យក្នុងការរចនាកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀនប្រកបដោយនវានុវត្តន៍ កម្មវិធីបណ្តុះបណ្តាលគ្រូ រួមជាមួយនឹងការពិនិត្យមើលឡើងវិញនូវការអនុវត្តការអប់រំក្នុងប្រទេសហ្វាំងឡង់។
កិច្ចប្រជុំនោះមានការចូលរួមពីលោក ម៉ូហាំម៉េដ អាល់ កាស៊ីម (Mohammed Al Qasim) អនុរដ្ឋលេខាធិការក្រសួងអប់រំ លោក អាំណា ម៉ាមូដ (Amna Mahmoud) ឯកអគ្គរដ្ឋទូតអេមីរ៉ាត់អារ៉ាប់រួមប្រចាំសាធារណរដ្ឋហ្វាំងឡង់ លោក ទូឡា អ៊ីចូឡា (Tuula Yrjola) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វាំងឡង់ប្រចាំអេមីរ៉ាត់អារ៉ាប់រួម រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតមកពីភាគីទាំងពីរ។
នៅក្នុងជំនួបនោះ លោកស្រី សារ៉ា អាល់ អាមីរី បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់ក្រសួងអប់រំក្នុងការប្រើជំនាញអប់រំជាសកល ជាពិសេសប្រទេសហ្វាំងឡង់ ដើម្បីជំរុញភាពជាដៃគូដែលលើកកម្ពស់ការប្រកួតប្រជែង និងលទ្ធផលរួមនៃប្រព័ន្ធអប់រំជាតិ។
លោកស្រី អាល់ អាមីរី បានគូសបញ្ជាក់អំពីទំនាក់ទំនងផ្នែកសិក្សា និងអប់រំដ៏រឹងមាំជាមួយប្រទេសហ្វាំងឡង់ ដោយបានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ ជំរុញភាពជាដៃគូ និងផ្លាស់ប្តូរបទពិសោធន៍។ លោកស្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញប្រព័ន្ធអប់រំជាតិ និងការសម្រេចបាននូវចក្ខុវិស័យយុទ្ធសាស្ត្ររបស់ខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





