កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សាជិតសម្រេចបានហើយ បន្ទាប់ពីភាពជោគជ័យនៅទីក្រុងដូហា
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ -- ក្រុមអ្នកចរចាជួបប្រជុំគ្នានៅទីក្រុងដូហាកាលពីថ្ងៃអង្គារ ដើម្បីបញ្ចប់ព័ត៌មានលម្អិតនៃផែនការបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សាដែលបានធ្វើឱ្យភាពតានតឹងនៅមជ្ឈិមបូព៌ាកើនឡើង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានបង្ហាញពីបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជិតសម្រេចបាន។
ក្រុមអ្នកសម្រុះសម្រួលបានផ្តល់ឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់នូវសេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងមួយកាលពីថ្ងៃចន្ទ ដោយមន្ត្រីម្នាក់បាននិយាយសង្ខេបអំពីកិច្ចចរចានោះ បន្ទាប់ពីភាពជោគជ័យនៃកិច្ចពិភាក្សានាពេលពាក់កណ្តាលអធ្រាត្រមួយ ដែលមានការចូលរួមទាំងបេសកជនរបស់លោក បៃដិន និងប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ (Donald Trump)។
លោក ដាវីដ បានៀ (David Barnea) នាយកសេវាកម្មចារកម្មម៉ូសសាដរបស់អ៊ីស្រាអែល លោក រ៉ូនែន បារ (Ronen Bar) នាយកសន្តិសុខផ្ទៃក្នុងស៊ីនប៊ែតរបស់អ៊ីស្រាអែល លោក ស្ទេវ វីតកូហ្វ (Steve Witkoff)បេសកជនមជ្ឈិមបូព៌ារបស់រដ្ឋបាលលោក ត្រាំ ដែលជិតចូលកាន់តំណែងលោក ប្រ៊ែត ម៉ាកហ្គុក (Brett McGurk) បេសកជនមជ្ឈិមបូព៌ារបស់លោកបៃដិន ដែលនឹងជិតផុតអាណត្តិ និងនាយករដ្ឋមន្ត្រីកាតា លោក ស្សេក ម៉ូហាំម៉េដ ប៊ីន អាប់ឌុលរ៉ាម៉ាន់ អាល់ ថានី (Sheikh Mohammed bin Abdulrahman Al Thani) សង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងមួយនេះ។
លោក បៃដិន បាននិយាយកាលពីថ្ងៃចន្ទថា «កិច្ចព្រមព្រៀង... នឹងដោះលែងចំណាប់ខ្មាំង បញ្ឈប់ការប្រយុទ្ធគ្នា ផ្តល់សន្តិសុខដល់អ៊ីស្រាអែលនិងអនុញ្ញាតឱ្យយើងបង្កើនជំនួយមនុស្សធម៌យ៉ាងសំខាន់ដល់ជនជាតិប៉ាឡេស្ទីនដែលបានរងទុក្ខយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គ្រាមដែលក្រុមហាម៉ាស់បានចាប់ផ្តើម»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថែមស៍)





