លីប៊ីត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការយោធាជាមួយសេណេហ្គាល់
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីលីប៊ី លោក អាប់ឌុល ហាមេដ ឌីបីបាហ៍ (Abdul-Hamed Dbeibah) បានបង្ហាញពីការត្រៀមខ្លួនរបស់ប្រទេសនេះសម្រាប់កិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសសេណេហ្គាល់ ដោយលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសកម្មភាពរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខនៅក្នុងតំបន់។
យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យព័ត៌មានរបស់នាយករដ្ឋមន្ត្រីលីប៊ី បានឱ្យដឹងថា លោក ឌីបីបាហ៍ បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយ លោក ប៊ីរ៉ាម ដប (Birame Diop) ប្រធានមន្រ្ដីការពារជាតិនៃកងកម្លាំងប្រដាប់អាវុធសេណេហ្គាល់ ក្នុងរដ្ឋធានីទ្រីប៉ូលីប្រទេសលីប៊ី។
សេចក្តីថ្លែងការណ៍បាននិយាយថា «នាយករដ្ឋមន្ត្រីលីប៊ីបានបង្ហាញពីការត្រៀមខ្លួនរបស់ រដ្ឋាភិបាលឯកភាពជាតិក្នុងការគាំទ្រ និងបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយសាធារណរដ្ឋសេណេហ្គាល់ ដោយលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសកម្មភាពរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខដែលកំពុងប្រឈមនៅក្នុងតំបន់»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា លោក ដប បានបង្ហាញពីបំណងប្រាថ្នាក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសលីប៊ី ជាពិសេសនៅក្នុងផ្នែកនៃការហ្វឹកហ្វឺនយោធា និងសមយុទ្ធរួមគ្នា។
មន្ត្រីយោធាសេណេហ្គាល់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្របសម្រួលរវាងកងទ័ពនៃប្រទេសទាំងពីរដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខនាពេលបច្ចុប្បន្ន ដោយលោកបានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការពង្រឹងស្ថិរភាពក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





