កូរ៉េខាងជើងជាប់ចំណាត់ថ្នាក់ទី៣៤ ជាប្រទេសដែលមានកងទ័ពខ្លាំងបំផុតនៅទូទាំងពិភពលោក ខណៈដែលកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ទី៥
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ -- ប្រទេសកូរ៉េខាងជើងជាប់ចំណាត់ថ្នាក់ជាប្រទេសមានកម្លាំងទ័ពខ្លាំងបំផុតទី៣៤ នៅទូទាំងពិភពលោកខណៈដែលកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ទី៥។ ចំណាត់ថ្នាក់នេះត្រូវបានចេញផ្សាយនៅក្នុងចំណាត់ថ្នាក់កងកម្លាំងយោធាឆ្នាំ២០២៥ ដែលចងក្រងដោយ Global Firepower (GFP) ដែលវាយតម្លៃពី «សមត្ថភាពនៃការបង្កើតសង្រ្គាមដ៏មានសក្តានុពល» ក្នុងចំណោម ១៤៥ប្រទេសតាមមធ្យោបាយសាមញ្ញ។
ចំណាត់ថ្នាក់ក្នុងឆ្នាំ២០២៥ របស់ប្រទេសកូរ៉េខាងជើង គឺខ្ពស់ជាងឆ្នាំមុនចំនួនពីរលេខ ហើយបានសម្គាល់ដូចគ្នាទៅនឹងចំណាត់ថ្នាក់របស់ខ្លួនក្នុងឆ្នាំ២០២៣។
នៅក្នុងប្រភេទវាយតម្លៃផ្សេងៗ រួមទាំងកម្លាំងកងនាវាចម្បាំង កម្លាំងទាហានសកម្ម កម្លាំងកាំភ្លើងធំបាញ់ដោយខ្លួនឯង និងកម្លាំងម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែតច្រើន ប្រទេសកូរ៉េខាងជើងបានជាប់ចំណាត់ថ្នាក់ទី៤ នៅទូទាំងពិភពលោក។ ប្រទេសនេះក៏ទទួលបានសញ្ញាសម្គាល់កំពូល «ល្អឥតខ្ចោះ»នៅក្នុងកម្លាំងកងនាវាចម្បាំង កម្លាំងកងនាវាមុជទឹក និងវិស័យផ្សេងៗទៀត។
របាយការណ៍នេះបានដាក់ចំនួនបុគ្គលិកកងទ័ពជើងគោក និងកងទ័ពអាកាសដែលមានសម្រាប់ការចល័តនៅក្នុងប្រទេសកូរ៉េខាងជើងចំនួន១,៣៧លាននាក់ និង ១១ម៉ឺននាក់រៀងគ្នា ដោយជាប់ចំណាត់ថ្នាក់ទាំងពីរនៅលំដាប់ទី៦ នៅទូទាំងពិភពលោក។ បុគ្គលិកកងទ័ពជើងទឹករបស់ប្រទេសកូរ៉េខាងជើងដែលអាចរកបានសម្រាប់ការចល័តមានចំនួន៦០.០០០នាក់ដែលជាចំនួនធំបំផុតទី១២។
GFP ក៏បានវាយតម្លៃថា «ការប្តេជ្ញាចិត្តរបស់កងទ័ពកូរ៉េខាងជើងចំពោះបុព្វហេតុរបស់ប្រទេសរុស្ស៊ីនៅអ៊ុយក្រែនបានបង្ហាញឱ្យឃើញពីការអភិវឌ្ឍគួរឱ្យចាប់អារម្មណ៍នៅក្នុងជម្លោះរបស់សហភាពអឺរ៉ុបខាងកើត» ។ ក្នុងចំណាត់ថ្នាក់នេះ ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ទី៥ ខណៈដែលសហរដ្ឋអាមេរិកទទួលបានតំណែងកំពូល បន្ទាប់មកប្រទេសរុស្ស៊ី ចិន និងឥណ្ឌា៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





