ភេរវករ ២៧នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការមួយនៅខេត្តបាឡូជីស្ថាន ប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ -- យោធាបាននិយាយថា ភេរវករចំនួន ២៧នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធាមួយនៅខេត្តបាឡូជីស្ថាន (Balochistan) ភាគនិរតីនៃប្រទេសប៉ាគីស្ថាន។
អន្តរសេវាកម្មទំនាក់ទំនងសាធារណៈ (ISPR) ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកនៃកងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបការណ៍សម្ងាត់នៅក្នុងស្រុកកាចជី នៃខេត្តនេះ។
សេចក្តីថ្លែងការណ៍របស់អន្តរសេវាកម្ម ISPR បាននិយាយថា«ក្នុងអំឡុងពេលប្រតិបត្តិការ កងទ័ពបានឡោមព័ទ្ធដោយសម្ងាត់ និងចូលរួមយ៉ាងមានប្រសិទ្ធភាពនូវទីតាំងរបស់ភេរវករបន្ទាប់ពីមានការបាញ់ប្រហារយ៉ាងខ្លាំងក្លា ហើយភេរវករ ២៧នាក់ត្រូវបានសម្លាប់»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា កន្លែងលាក់ខ្លួនជាច្រើន រួមទាំងឃ្លាំងអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះ ក៏ត្រូវបានបំផ្លាញក្នុងអំឡុងពេលប្រតិបត្តិការផងដែរ។
ភេរវករដែលត្រូវបានសម្លាប់មានជាប់ពាក់ព័ន្ធក្នុងសកម្មភាពភេរវករជាច្រើនប្រឆាំងនឹងកងកម្លាំងសន្តិសុខ ក៏ដូចជាជនស៊ីវិលស្លូតត្រង់ ហើយត្រូវបានភ្នាក់ងារអនុវត្តន៍ច្បាប់តាមចាប់ខ្លួន។ យោធាបាននិយាយថា កងកម្លាំងសន្តិសុខប៉ាគីស្ថាននៅតែប្តេជ្ញាចិត្តរារាំងការប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពរបស់ខេត្តបាឡូជីស្ថាន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





