ហ្ស៊ីមបាវ៉េកត់ត្រាករណីជំងឺអាសន្នរោគចំនួន ២៨ករណី និងស្លាប់ ២នាក់
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ -- ប្រទេសហ្ស៊ីមបាវ៉េបានកត់ត្រាករណីជំងឺអាសន្នរោគចំនួន ២៨ករណី និងមានមនុស្សស្លាប់ចំនួន ២នាក់នៅក្នុងការផ្ទុះជំងឺអាសន្នរោគចុងក្រោយបង្អស់ដែលបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកាឆ្នាំមុន។
នៅក្នុងការបង្ហាញអំពីករណីជំងឺអាសន្នរោគ ក្រសួងសុខាភិបាល និងការថែទាំកុមាររបស់ប្រទេសហ្ស៊ីមបាវ៉េបាននិយាយថា ការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ បានចាប់ផ្តើមនៅក្នុងស្រុក ការីបា ខេត្តម៉ាសូណាលេន ភាគខាងលិច (Mashonaland West) ចាប់តាំងពីពេលនោះមក បានរីករាលដាលដល់ស្រុកចំនួន ៧ក្នុងប្រទេស រួមទាំងទីក្រុង Harare ដែលជារដ្ឋធានីរបស់ប្រទេសហ្ស៊ីមបាវ៉េផងដែរ។
ប្រទេសហ្ស៊ីមបាវ៉េបានកត់ត្រាករណីសង្ស័យជំងឺអាសន្នរោគចំនួន២៨២ករណី និងការជាសះស្បើយឡើងវិញចំនួន ២៧៥នាក់ និងមនុស្សសរុបចំនួន ៤.៩២៣នាក់ត្រូវបានចាក់វ៉ាក់សាំងជំងឺអាសន្នរោគតាមមាត់នៅក្នុងយុទ្ធនាការរយៈពេល ៤ថ្ងៃដែលគ្របដណ្តប់លើកសិដ្ឋាន និងតំបន់លំនៅដ្ឋានដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅក្នុងស្រុកហ្គ្លែនដេល (Glendale) និងស្រុកម៉ាហ្សូវី (Mazowe) នៃខេត្តម៉ាសូណាលេន ភាគកណ្តាល។
ការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះបានកើតឡើងតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសកាលពីខែសីហា ឆ្នាំមុននៃការបញ្ចប់ការផ្ទុះឡើងនៅទូទាំងប្រទេស។ យោងតាមមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ការផ្ទុះឡើងបានបណ្តាលឱ្យមនុស្សជាង ៧០០នាក់ដែលត្រូវបានសង្ស័យថាបានស្លាប់នៅក្នុងទ្វីបអាហ្វ្រិក។
ប្រទេសហ្ស៊ីមបាវ៉េបានប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺអាសន្នរោគជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធទឹក និងអនាម័យមិនល្អ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





