បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម
AKP កំពង់ចាម ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។

ក្នុងពិធីបិទសន្និបាត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើរបាយការណ៍ស្ដីពីលទ្ធផលការងាររយៈពេលមួយឆ្នាំ និងលទ្ធផលបូកសរុបអង្គសន្និបាតក្នុងរយៈពេល២ថ្ងៃគឺ អង្គសន្និបាតទាំងមូលបានកំណត់អំពីបញ្ហាប្រឈម វិធានការ និងដំណោះស្រាយ ដែលកើតមាននៅមូលដ្ឋានក្នុងការបំពេញបេសកកម្ម ដើម្បីចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជាសំដៅឱ្យមូលដ្ឋានមានការ អភិវឌ្ឍន៍រីកចម្រើន។ អង្គសន្និបាតបានធ្វើការពិភាក្សាលើចំណុចខ្លាំង បញ្ហាប្រឈមនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងសំណូមពរមួយចំនួន ដើម្បីឱ្យការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពនៅគ្រប់មូលដ្ឋានទទួលបានជោគជ័យ និងមាន ប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ ប្រសិទ្ធភាពក្នុងការផ្តល់ សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន សម្រាប់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដើម្បីសម្រេចបានជោគជ័យនូវ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

ថ្លែងបិទសន្និបាតឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានកោតសរសើរដល់រដ្ឋបាលខេត្តកំពង់ចាម ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន។ ការខិតខំប្រឹងប្រែងនេះពិតជាបានចូលរួមចំណែក ក្នុងការថែរក្សាសុខសន្តិភាពស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្ដមសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ឆ្នាំ២០២៥ ជាឆ្នាំទី២នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជារបៀបវារៈនយោបាយដ៏មានសារៈសំខាន់សម្រាប់ការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀតប្រកបដោយភាពធន់ សមធម៌ និងមាន និរន្តរភាព។ ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការ ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលជាមូលដ្ឋានគ្រឹះដើម្បីធានាសម្រេចបាននូវការអភិវឌ្ឍ ដោយចីរភាពលើគ្រប់វិស័យឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។

ឯកឧត្ដមសន្តិបណ្ឌិតបានណែនាំដល់រដ្ឋបាលខេត្តកំពង់ចាម គណៈបញ្ជាការឯកភាពខេត្ត និង ក្រុង-ស្រុក អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវខិតខំរួមគ្នាបន្តពង្រឹង និង ថែរក្សាការពារ នូវសន្តិភាព ស្ថិរភាពនយោបាយសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ត្រូវបង្ការទប់ស្កាត់ និង បង្ក្រាបឱ្យខានតែបាន នូវរាល់សកម្មភាព ឬ ទង្វើដែល ប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល ឬ ភាពវឹកវរ ក្នុង សង្គម។ ខិតខំស្រាវជ្រាវ និង បង្ការទប់ស្កាត់ ឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធ- ភាព នូវរាល់សកម្មភាព ឬ ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការញុះញង់អុចអាល បង្កឱ្យមាន អំពើហិង្សា ការប្រឆាំងនឹងអាជ្ញាធរសាធារណៈ និង អសន្តិសុខក្នុងសង្គម ដែលអាចប៉ះពាល់ ធ្ងន់ធរ ដល់សង្គមជាតិលើគ្រប់ទិដ្ឋភាព ទាំងសេដ្ឋកិច្ច សង្គម ទេសចរណ៍ការវិនិយោគ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ឯកឧត្ដមសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងយន្តការនានា ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ «ភូមិ, ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ។ ត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែសកម្ម នៅតាមគ្រប់មូលដ្ឋានរៀងៗខ្លួន និងត្រូវបំផុសចលនាប្រជាជនឱ្យចូលរួមកសាងភូមិ និងឃុំ-សង្កាត់គំរូ គ្មានគ្រឿងញៀន ទប់ស្កាត់ និងបង្ក្រាប បទល្មើសនានាដូចជា លួច ឆក់ ប្លន់ ឧក្រិដ្ឋកម្ម ក្មេងទំនើង និងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ពង្រឹងយន្តការសម្របសម្រួល និងដោះស្រាយបញ្ហាទំនាស់ ជម្លោះ និងលើកកម្ពស់យុត្តិធម៌សង្គម បង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ គឺជាគោលបំណង និង ជាទិសដៅការងារដ៏សំខាន់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ឆាយ ម៉ុត





