ឯកឧត្តម វង្សី វិស្សុត អញ្ជើញជាអធិបតីបិទសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្ដម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងកម្លាំងទាំងបីគណៈអភិបាលក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណ៥០០នាក់។

បន្ទាប់ពីឯកឧត្តម នួន ផារ័ត្ន បានឡើងអានរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តឆ្នាំ២០២៥របស់រដ្ឋបាលខេត្តរួចមក ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្ដម វង្សី វិស្សុត បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជកា រ និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៃខេត្តកំពង់ធំ ដែលបានយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តភារកិច្ចយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់សម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលជាច្រើន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសបញ្ជាក់អំពីទស្សនទានរបស់សម្តេចតេជោ ហ៊ុន សែន អំពីគុណតម្លៃនៃសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ដើម្បីសម្រេចគោលដៅជាយុទ្ធសាស្ត្រ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ធំសំដៅបន្តថែរក្សា និងពង្រីកនូវសមិទ្ធផលរបស់ខេត្តបន្ថែមទៀត និងបានផ្ដល់នូវអនុសាសន៍ និងគោលការណ៍ណែនាំបន្ថែមលើកិច្ចការសំខាន់ៗមួយចំនួនសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ដើម្បីពង្រឹង និងលើកស្ទួយសេដ្ឋកិច្ចនៅមូលដ្ឋាននិងការដោះស្រាយជីវភាពប្រជាជន ជាពិសេសការធ្វើផលិតកម្មកសិកម្ម ដោយផ្ដល់បច្ចេកទេសព័ត៌មានអំពីការសិក្សាទីផ្សារនិងត្រូវរិះរកវិធីសាស្ត្រកាត់បន្ថយការខាតបង់របស់ប្រជាជនពីរបរកសិកម្មបង្កើត និងបង្កើនមុខរបរ ប្រភពចំណូលផ្សេងៗជូនប្រជាជនឱ្យទទួលបានចំណូលច្រើនជាងមុន និងមានស្ថេរភាព។ រៀបចំផែនការអភិវឌ្ឍខេត្តដោយផ្សារភ្ជាប់និងប្រទាក់ក្រឡាជាមួយផែនការមេដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបាន និងកំពុងរៀបចំ ជាអាទិ៍ ផែនការអភិវឌ្ឍកសិឧស្សហកម្មដំណាំស្វាយចន្ទី ផែនការអភិវឌ្ឍទេសចរណ៍ខេត្ត ផែនការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធរូបវន្តក្នុងខេត្ត ព្រមទាំងត្រូវបង្កលក្ខណៈងាយស្រួលដល់វិស័យឯកជនជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាន និងការរីកចម្រើនរបស់ខេត្តកំពង់ធំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាគ្រប់ប្រភេទ ការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយឱ្យបានល្អប្រសើរ ការដោះស្រាយបញ្ហាអត្រានុកូលដ្ឋាន ការធ្វើអត្តសញ្ញាណបណ្ណ ទាំងការធ្វើថ្មីទាំងកែតម្រូវ ជៀសវាងកុំឱ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។ ជំរុញការចុះបញ្ជីដីធ្លី ការចេញបណ្ណ និងការដោះស្រាយទំនាស់ដីធ្លី ជាពិសេសដីពាក់ព័ន្ធតំបន់២ និងតំបន់៣នៃបឹងទន្លេសាប ដីព្រៃឈើនិងតំបន់ការពារធម្មជាតិ វប្បធម៌ ពង្រឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាពនិងពន្លឿនការដោះស្រាយបណ្ដឹងនៅតុលាការ និងការកាត់ក្តីប្រកបដោយយុត្តិធម៌ កាត់បន្ថយនូវការកកស្ទះសំណុំរឿងដោយ ឈរលើគោលការណ៍ច្បាប់និងនីតិវិធីជាធរមានព្រមទាំងត្រូវគិតគូពីប្រយោជន៍រួមរបស់ប្រជាជននិងប្រយោជន៍ជាតិ អនុវត្តតាមអភិក្រម "ដោះស្រាយបញ្ហា និងមិនបង្កើតបញ្ហា" ក្នុងគោលដៅបង្កើនជំនឿទំនុកចិត្តពីប្រជាជន។

ទន្ទឹមនឹងនេះ ឯកឧត្តម វង្សី វិស្សុត បានរំលឹកពីអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គសនិ្នបាតទាំងមូលត្រូវរួមកម្លាំងគ្នាឱ្យទៅជាកម្លាំងសរុបឈរលើផ្លូវតែមួយ ទិសដៅតែមួយ ខិតខំប្រឹងប្រែងបន្តអនុវត្តការងារប្រកបដោយការទទួលខុសត្រូវសកម្ម និងបុរេសកម្ម ដោយយកស្មារតីខ្វល់ខ្វាយពីប្រជាជនបម្រើប្រជាជនដោយស្មោះត្រង់ដែលនេះគឺជាក្តីសង្ឃឹម និងការចង់បានរបស់ប្រជាជនក៏ដូចជារបស់រាជរដ្ឋាភិបាលដើម្បីសម្រេចចក្ខុវិស័យដ៏មានមហិច្ឆិតារបស់កម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានឧបត្ថម្ភប្រេងចំនួន១០០០០លីត្រ ជូនដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបានផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ធំផងដែរ៕
ដោយ ស៊ុម វណ្ណា





