ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ផ្ដល់អនុសាសន៍លើការអនុវត្តការងាររបស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការនៃនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការនៃនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដើម្បីផ្តល់ជាជំហរឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងឆ្នាំថ្មីនេះជាពិសេសពាក់ព័ន្ធការងារផែនការ និងព័ត៌មានសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីបានមានប្រសាសន៍ថា នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើ ការពិនិត្យ និងរៀបចំផែនការយុទ្ធសាស្រ្ត និងគោលនយោបាយរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្រសួងសុខាភិបាលបានកំណត់គោលបំណងសុខភាព គឺ លើកកម្ពស់លទ្ធផលសុខភាព និងបង្កើនការគាំពារហិរញ្ញវត្ថុក្នុងការទទួលបានសេវាថែទាំសុខភាពមានគុណភាព ប្រកបដោយសមធម៌។


ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានអនុញ្ញាតផ្តល់ឱកាសជូនមន្រ្តីនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ធ្វើការណែនាំខ្លួន និងរំលឹកពីប្រវត្កិការងារ បទពិសោធន៍អនុវត្តការងារកន្លងមក និងបានផ្តល់អនុសាសន៍ជាគន្លឹះ ដើម្បីទៅអនុវត្តការងារបន្ថែមទៀត ដោយនាយកដ្ឋានត្រូវយកចិត្តទុកដាក់លើដំណើរការអភិវឌ្ឍ និងអនុវត្តផែនការជាប្រចំា ដើម្បីតាមដាន និងវាយតម្លៃនូវប្រភពធនធាន សេវាសុខាភិបាល ស្របតាមគោលនយោបាយ យុទ្ធសាស្រ្ត គោលដៅជាតិ និងសម្របតាមធនធានដែលមាន។ ត្រូវពង្រឹងកិច្ចសហការ និងសម្របសម្រួលការងារជាមួយអង្គភាពសុខាភិបាល ស្ថាប័ន ឬដៃគូពាក់ព័ន្ធ ប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ក្នុងវិស័យសុខាភិបាល ជាពិសេសការវិភាជថវិកាផ្តោតលើផែនការសកម្មភាពជាអាទិភាព។ ត្រូវគ្រប់គ្រងទិន្នន័យសុខាភិបាលមានគុណភាព ការសិក្សាវាយតម្លៃ វិភាគទិន្នន័យច្បាស់លាស់ មុនរៀបចំគោលនយោបាយ ផែនការ ជាពិសេសផ្តោតលើអត្ថប្រយោជន៍ របស់ប្រជាជនគោលដៅ ដែលសង្កត់ធ្ងន់លើការពង្រីកការគាំពារសុខភាពសង្គមដល់បុគ្គលគ្រប់រូប ដើម្បីឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល។ ត្រូវយកចិត្តទុកដាក់លើការកែទម្រង់ជាយុទ្ធសាស្រ្ត ក្នុងការងារផែនការ ដោយទទួលនូវព័ត៌មាន ត្រឡប់ពីភាគីប្រតិបត្តិពាក់ព័ន្ធ ដើម្បីកែលម្អ និងបង្កើនប្រសិទ្ឋភាពការងារ ជាពិសេសត្រូវរៀបចំក្របខណ្ឌសូចនាករសមិទ្ធកម្ម សម្រាប់តាមដាន និងវាយតម្លៃ គ្រប់សកម្មភាពការងាររបស់អង្គភាពពាក់ព័ន្ធ។

ជាមួយគ្នានេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ដែលបានខិតខំបំពេញការងារបានល្អប្រសើរនាពេលកន្លងមក និងបានជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាលទាំងអស់ ទទួលនូវជោគជ័យក្នុងការបំពេញភារកិច្ចក្នុងឱកាសឆ្នាំថ្មីនេះ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





