ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណគ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខនេះបន្ទាប់ពីបានធ្វើការសាង់សង់រួចរាល់១០០ភាគរយកាលពីដំណាច់ឆ្នាំ២០២៤នេះ
AKP បន្ទាយមានជ័យ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥--លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ថាទីលានដាក់ទុកសំរាមដ៏ធំមួយនៅក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យគឺជាគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ក្រោមកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលចំណាយថវិកាប្រមាណជាង៦លានដុល្លារអាមេរិក នឹងគ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខបន្ទាប់ពីបានធ្វើការសាង់សង់រួចរាល់១០០ភាគរយកាលពីដំណាច់ឆ្នាំ២០២៤នេះ។

លោកប្រធានមន្ទីរបានឱ្យដឹងទៀតថា គម្រោងសាងសង់ទីលានទុកសំរាមន្ទាជាផ្នែកមួយនៃការបង្កើនសោភ័ណភាពសុខមាលភាពរបស់ប្រជាពលរដ្ឋ ហើយទីលានទុកដាក់សំរាមនេះមានលទ្ធភាពដំណើរការក្នុងរយៈពេល១៦ឆ្នាំ។ ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជុំវិញទីលានទុកសំរាមមានផ្លូវចូលរណ្តៅកប់សំរាម រណ្តៅប្រព្រឹត្តិកម្ម អគាររដ្ឋបាល ការញែកសំរាម អគារផ្គត់ផ្គង់ អគារទុកដាក់កាកសំណល់គ្រោះថ្នាក់ ប៉ុស្តិ៍យាម រោងជាង ចំណតរថយន្ត កន្លែងលាងរថយន្ត ស្ថានីយថ្លឹងរថយន្ត បណ្តាញអគ្គិសនី របង និងដើមឈើជាដើម។ ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណនេះប្រគល់ជូនរដ្ឋបាលខេត្តគ្រប់គ្រងប្រតិបត្តិបន្ត ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈផ្តោតទៅលើសុខុមាលភាពអនាម័យសណ្តាប់ធ្នាប់សម្រាប់ប្រជាពលរដ្ឋនៅក្នុងក្រុង ហើយគម្រោងនេះក៏មានការចូលរួមចំណែកការពារសំដៅធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធទទួលបាននូវការប្រើប្រាស់បានគង់វង្សយូរអង្វែងនោះ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ការដែលមានទីលានទុកដាក់សំរាមត្រឹមត្រូវស្របតាមបរិស្ថានបច្ចេកទេសនេះពិតជាបានរួមចំណែកកាត់បន្ថយបញ្ហាប្រឈមទៅដល់កត្តាសុខភាពបញ្ហាពុល ការបំផ្លាញបរិស្ថាន ព្រមទាំងការធ្វើឱ្យកុងសិរីសោភ័ណមានភាពស្រស់បំព្រងប្រកបដោយបរិយាបន្ន។

សូមជម្រាបជូនថា ទីលានទុកដាក់សំរាមស្ថិតនៅក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណដោយត្រូវបានចាប់ផ្តើមសាងសង់អំឡុងមុនដំណាច់ឆ្នាំ២០២៣ បញ្ចប់ការសាងសង់ឱ្យរួចរាល់១០០ភាគរយមុនដំណាច់ឆ្នាំ២០២៤ ដែលទីលានទុកដាក់សំរាមនេះសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ១១ហិកតា ក្នុងនោះ១០ហិកតាសាងសង់ទីលានទុកដាក់សំរាម១ហិកតាសម្រាប់សាងសង់អគារប្រតិបត្តិការ ហើយសមត្ថភាពអាចផ្ទុកសំរាម ទាំងស្តុកនឹងញែកសំរាមសរុប២៨៦៨០០តោន ដែលអាចដឹកសំរាមចូលទីលានបាន១ថ្ងៃ ៥០តោន និងសំរាមដែលត្រូវញែកចន្លោះពី១តោនទៅ២តោនក្នុង១ថ្ងៃ ខណៈរណ្តៅទីលានអាចស្តុកសំរាមបាន៤៨តោននៅក្នុង១ថ្ងៃនោះ៕

ដោយ ឈុន សារ៉ាត





