ជនជាតិប៉ាឡេស្ទីន ៨នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ក្នុងការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ -- យោងតាមប្រភពការពារស៊ីវិលក្នុងស្រុកនិងផ្នែកវេជ្ជសាស្រ្ត បានឱ្យដឹងថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៨នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប។
លោក ម៉ាហ៍មូដ បាសាល់ (Mahmoud Basal) អ្នកនាំពាក្យការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា បានរាយការណ៍ថា មនុស្ស ៣នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលសំដៅលើការប្រមូលផ្តុំរបស់ជនជាតិប៉ាឡេស្ទីននៅក្នុងជំរុំជនភៀសខ្លួន al-Shati ភាគខាងលិចនៃតំបន់ហ្គាហ្សា។
នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយ ជនជាតិប៉ាឡេស្ទីន២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅក្នុងសង្កាត់អាល់ ការ៉ាម៉ា ភាគពាយព្យនៃតំបន់ហ្គាហ្សាហើយមនុស្ស ២នាក់ទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងសង្កាត់ អាល់ ស៊ូចៃយ៉ា ភាគខាងកើតនៃតំបន់ហ្គាហ្សា។
បន្ថែមពីលើនេះ ប្រភពវេជ្ជសាស្ត្របានរាយការណ៍ថា យុវជនម្នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ទីប្រជុំជន Jabalia ភាគខាងជើងតំបន់ហ្គាហ្សាជាទីកន្លែងដែលសាក្សីបានឃើញផ្ទាល់ភ្នែកបញ្ជាក់ពីការរងរបួសពីកាំភ្លើងធំរបស់អ៊ីស្រាអែលដែលតម្រង់ទៅលើតំបន់នោះ។
ក្រសួងការបរទេសប៉ាឡេស្ទីនបានចោទប្រកាន់អ៊ីស្រាអែលថាបានអូសបន្លាយសង្គ្រាមរបស់ខ្លួនតាមរយៈ «ល្បែងទិញពេលវេលា» ដើម្បីធ្វើឱ្យមាន «ការប្រល័យពូជសាសន៍ ការផ្លាស់ទីលំនៅ និងការបញ្ចូល» ហើយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់អំពើហិង្សា។
នៅក្នុងពីក្រោយនៃជម្លោះដែលកំពុងបន្ត ការត្រៀមរៀបចំកំពុងដំណើរការសម្រាប់សន្និសីទអន្តរជាតិមួយ ដើម្បីប្រមូលការគាំទ្រសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា។ លោក ម៉ាហ៍មូដ អាតាយ៉ា (Mahmoud Ataya)អនុរដ្ឋលេខាធិការក្រសួងផែនការ និងសហប្រតិបត្តិការអន្តរជាតិប៉ាឡេស្ទីនបានប្រកាសពីផែនការកសាងតំបន់ហ្គាហ្សាឡើងវិញ ដោយសង្កត់ធ្ងន់លើការសម្របសម្រួលជាមួយដៃគូអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិសហភាពអឺរ៉ុប និងធនាគារពិភពលោក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





