រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនឹងពិភាក្សាគ្នាអំពីការដកទណ្ឌកម្មប្រឆាំងនឹងស៊ីរីនៅថ្ងៃទី២៧ ខែមករាខាងមុខ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ -- ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី កាចា កាលឡាស់ (Kaja Kallas) បានប្រាប់អ្នកសារព័ត៌មានអំពីដំណើររបស់លោកស្រីដើម្បីពិភាក្សាអំពីប្រទេសស៊ីរីនៅទីក្រុងរីយ៉ាដថា បណ្តារដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបគ្រោងនឹងជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែលនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ខាងមុខ ដើម្បីពិភាក្សាគ្នាអំពីការដកទណ្ឌកម្មប្រឆាំងនឹងប្រទេសស៊ីរី។
លោកស្រី កាលឡាស់ បាននិយាយបន្ថែមថា សហភាពអឺរ៉ុបកំពុងធ្វើការទៅលើការសម្រេចចិត្តទាក់ទងនឹងការដកទណ្ឌកម្មដ៏មានសក្តានុពលទាំងនោះ។
កាលពីក្នុងខែធ្នូ ឆ្នាំ២០២៤ លោកស្រី កាលឡាស់ បាននិយាយថាសហភាពអឺរ៉ុបអាចបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសស៊ីរី ប្រសិនបើថ្នាក់ដឹកនាំថ្មីបានចាត់វិធានការជាវិជ្ជមានឆ្ពោះទៅរករដ្ឋាភិបាលដែលប្រកបដោយបរិយាប័ន្ន និងមានការគោរពសិទ្ធិមនុស្ស។
ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសស៊ីរីរហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥។ បច្ចុប្បន្ននេះ បុគ្គលចំនួន ៣១៨រូប និងអង្គភាពចំនួន៨៦ ត្រូវបានទទួលរងនូវការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការចូលទៅក្នុងសហភាពអឺរ៉ុប។ ទណ្ឌកម្មទាំងនោះក៏ហាមឃាត់ការផ្តល់មូលនិធិ និងធនធានសេដ្ឋកិច្ចផ្សេងៗទៀតដល់ពួកគេដោយផ្ទាល់ ឬដោយប្រយោលផងដែរ។
ក្រុមប្រឆាំងប្រដាប់អាវុធរបស់ស៊ីរីបានដណ្តើមកាន់កាប់ទីក្រុងដាម៉ាស់កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤។ ប្រធានាធិបតីស៊ីរី លោក បាសា អាសាដ (Bashar Assad) បានចុះចេញពីដំណែងបន្ទាប់ពីកិច្ចចរចាជាមួយក្រុមប្រឆាំង ហើយបានចាកចេញពីប្រទេសស៊ីរីទៅកាន់ប្រទេសរុស្ស៊ី ជាកន្លែងដែលលោកត្រូវបានគេផ្តល់សិទ្ធិជ្រកកោន។ លោក ម៉ូហាំម៉េដ អាល់-បាសៀ (Mohammed al-Bashir) ដែលគ្រប់គ្រងរដ្ឋបាលដែលមានមូលដ្ឋាននៅទីក្រុងអ៊ីដលីប ដែលបង្កើតឡើងដោយក្រុម Hayat Tahrir al-Sham Islamist ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ លោកបានប្រកាសថា រដ្ឋាភិបាលបណ្តោះអាសន្នមួយត្រូវបានបង្កើតឡើង ហើយនឹងនៅបន្តរហូតដល់ខែមីនា ឆ្នាំ២០២៥៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





