ជប៉ុនពង្រឹងការប្តេជ្ញាចិត្តចំពោះតំបន់អាស៊ីអាគ្នេយ៍
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីកេរុ អ៊ីស៊ីបា (Shigeru Ishiba) បានជួបជាមួយសមភាគីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) កាលពីពេលថ្មីៗនេះក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍របស់លោក ដោយលោកបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិជាបន្ទាន់ រួមទាំងភាពតានតឹងនៅសមុទ្រខាងកើត តំបន់មជ្ឈិមបូព៌ា និងវិបត្តិដែលកំពុងបន្តនៅមីយ៉ាន់ម៉ា។
នៅក្នុងសន្និសីទសារព័ត៌មានរួមមួយ លោកនាយករដ្ឋមន្ត្រី អ៊ីស៊ីបា បានបញ្ជាក់ថា ប្រទេសទាំងពីរបានព្រមព្រៀងរក្សាទំនាក់ទំនងជិតស្និទ្ធទៅលើបញ្ហាទាំងនេះ និងពង្រឹងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាព។
ដោយសង្កត់ធ្ងន់ទៅលើតួនាទីជាយុទ្ធសាស្ត្ររបស់ម៉ាឡេស៊ីជាស្ពានតភ្ជាប់រវាងតំបន់អាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ានោះ លោក អ៊ីស៊ីបា បានបញ្ជាក់ថា ប្រទេសជប៉ុនផ្តល់តម្លៃដល់កិច្ចសហប្រតិបត្តិការជាមួយម៉ាឡេស៊ីក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងប្រើប្រាស់ការយល់ដឹងស៊ីជម្រៅ និងជំនាញសេដ្ឋកិច្ចនៃតំបន់អាស៊ីបូព៌ា។
លោកក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយម៉ាឡេស៊ីក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយផងដែរ។
ប្រទេសជប៉ុន និងម៉ាឡេស៊ី បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្តោតសំខាន់ទៅលើការពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ស្របតាមក្របខ័ណ្ឌ MADANI របស់លោកនាយករដ្ឋមន្ត្រី អាន់វ៉ា ដោយផ្តល់អាទិភាពដល់និរន្តរភាព នវានុវត្តន៍ និងវិបុលភាព។
លោក អ៊ីស៊ីបា បានពណ៌នាកិច្ចព្រមព្រៀងនេះថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងស្ថិរភាពក្នុងតំបន់។
លោកបានកត់សម្គាល់ថា ទីតាំងយុទ្ធសាស្ត្ររបស់ម៉ាឡេស៊ីនៅផ្លូវបំបែកនៃមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក បានគូសបញ្ជាក់ពីសារៈសំខាន់របស់ខ្លួនជាមជ្ឈមណ្ឌលក្នុងតំបន់ និងបានគូសបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដែលចែករំលែកនូវតម្លៃ និងគោលការណ៍ស្នូលជាមួយប្រទេសជប៉ុន។
ទាក់ទងនឹងការធ្វើជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០២៥ នេះ លោកបានបញ្ជាក់ថា តាមរយៈគំនិតផ្តួចផ្តើមនានា ដូចជាទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងការសម្រេចបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប្រកបដោយសេរីភាព និងបើកចំហ ប្រទេសជប៉ុនមានគោលបំណងសហការយ៉ាងជិតស្និទ្ធជាមួយម៉ាឡេស៊ីដើម្បីដឹកនាំពិភពលោកឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ។
ប្រទេសជប៉ុន គឺជាអ្នកវិនិយោគបរទេសធំជាងគេលំដាប់ទីបួននៅក្នុងវិស័យផលិតកម្មរបស់ប្រទេសម៉ាឡេស៊ី និងជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទីបួនរបស់ខ្លួន ជាមួយនឹងតម្លៃពាណិជ្ជកម្មសរុបចំនួន ៣៤,៤១ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៣៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





