ថៃពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដើម្បីបង្កើនការប្រកួតប្រជែងជាស
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ -- ប្រទេសថៃកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) របស់ខ្លួនជាយុទ្ធសាស្ត្រស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារពិភពលោក។
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ស៊ូឆាត ចុមគ្លីន (Suchart Chomklin) បានលើកឡើងអំពីវឌ្ឍនភាពដែលកំពុងបន្តក្នុងកិច្ចចរចាជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗដើម្បីធានាថា កិច្ចព្រមព្រៀងទាំងនោះនឹងផ្តល់អត្ថប្រយោជន៍នៅទូទាំងវិស័យសំខាន់ៗ ដែលរួមមានទាំងវិស័យកសិកម្មឧស្សាហកម្ម និងសេវាកម្ម។
យោងតាមលោក ស៊ូឆាត បានឱ្យដឹងថា នាយកដ្ឋានចរចាពាណិជ្ជកម្មត្រូវបានប្រគល់ភារកិច្ចឱ្យរក្សាការចូលរួមជាប្រចាំជាមួយអ្នកពាក់ព័ន្ធ ដើម្បីតម្រឹមកិច្ចព្រមព្រៀងទាំងនោះជាមួយនឹងអាទិភាពសេដ្ឋកិច្ចជាតិ។
បច្ចុប្បន្នភាពសំខាន់ៗរួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថៃ-ស្រីលង្កា ដែលត្រូវបានចុះហត្ថលេខាកាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២៤ហើយនឹងចូលជាធរមាននៅខែមីនា ឆ្នាំ២០២៥។ កិច្ចចរចាជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ត្រូវបានបញ្ចប់នៅចុងឆ្នាំ២០២៤ខណៈដែលកិច្ចពិភាក្សាជាមួយប្រទេសប៊ូតាន់ កូរ៉េខាងត្បូង សហភាពអឺរ៉ុបនិងអាស៊ាន-កាណាដា កំពុងមានភាពរីកចម្រើន។ រដ្ឋាភិបាលថៃក៏កំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីជាមួយបណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិក និងអាម៉េរិកខាងត្បូង ដើម្បីពង្រីកឱកាសសម្រាប់ការនាំចេញរបស់ថៃទៅក្នុងទីផ្សារដែលកំពុងមានការរីកចម្រើន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





