ជប៉ុនប្រកាសគម្រោងមួយចំនួននៅឥណ្ឌូណេស៊ីដែលមានតម្លៃ ៨១៥លានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីជប៉ុន លោក អ៊ីស៊ីបា ស៊ីកេរុ (Ishiba Shigeru) បានប្រកាសអំពីគម្រោងដែលមានតម្លៃសរុបចំនួន ១២៩ពាន់លានយេន (៨១៥លានដុល្លារអាម៉េរិក) នៅក្នុងប្រទេសឥណ្ឌូណេស៊ី ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។
ក្នុងចំណោមតម្លៃសរុបនៃគម្រោងទាំងនោះ ការពង្រីកលើកទីបីនៃកំពង់ផែប៉ាទីមបាន់ នៅកោះជ្វាខាងលិច គឺទទួលបានចំណែកនៃមូលនិធិចំនួន ៨៣,៤ពាន់លានយេន ក្នុងទម្រង់ជាប្រាក់កម្ចីដែលមានអត្រាការប្រាក់ពី ០% ទៅ ៣% ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១០ ខែមករាឆ្នាំ២០២៥។ ការពង្រីកនេះ គឺដើម្បីបង្កើនសមត្ថភាពនាំចេញរថយន្តរបស់កំពង់ផែនេះឱ្យបានដល់ ៦០០.០០០គ្រឿងក្នុងមួយឆ្នាំ ដែលកើនឡើង ១,៥ដងនៃបរិមាណទូទាំងប្រទេសនាពេលបច្ចុប្បន្ន។
ចាប់តាំងពីឆ្នាំ២០១៧ មក ទីក្រុងតូក្យូបានផ្តល់ប្រាក់កម្ចីជាង ១៨៩ពាន់លានយេនសម្រាប់ពីរដំណាក់កាលដំបូងនៃការសាងសង់កំពង់ផែប៉ាទីបាន់ ដែលស្វែងរកការសម្រាលបន្ទុកចរាចរណ៍ទំនិញនៅកំពង់ផែតាន់ជុងព្រីអុក ដែលជាកំពង់ផែធំរបស់ឥណ្ឌូណេស៊ីនៅក្នុងទីក្រុងហ្សាកាតា។
ប្រទេសជប៉ុនក៏កំពុងស្វែងរកការជួយកែលម្អកំពង់ផែនេសាទដែលមានស្រាប់ ហើយគ្រោងនឹងធ្វើការសិក្សាអំពីលទ្ធភាពទៅលើទីតាំងដែលមានសក្តានុពលចំនួន៨ នៅទូទាំងប្រទេស មុនពេលសម្រេចចិត្តថាតើត្រូវដំណើរការមួយណា។ ផែនការអភិវឌ្ឍន៍ជលផលដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់កម្ចីចំនួន ១៥,៥៤ពាន់លានយេន និងរួមបញ្ចូលនូវការពង្រីកកំពង់ផែនិងការសាងសង់ឧបករណ៍ខ្សែសង្វាក់ត្រជាក់នៅទីតាំងដែលត្រូវបានជ្រើសរើស។
គម្រោងផ្សេងទៀតរួមមានប្រាក់កម្ចីចំនួន ៧ពាន់លានយេន សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈរបស់មន្ត្រីរដ្ឋាភិបាលនៅថ្នាក់កណ្តាល និងតំបន់ជាមួយនឹងគោលដៅបណ្តុះបណ្តាលមន្ត្រីចំនួន ៧.២៤០នាក់ក្នុងរយៈពេល៧ឆ្នាំ។
បន្ថែមពីលើគម្រោងខាងលើ មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រួមទាំងការអភិវឌ្ឍនៃការដឹកជញ្ជូនដ៏លឿនរបស់ទីក្រុងហ្សាកាតា និងកិច្ចសហប្រតិបត្តិការការពារជាតិផងដែរ។
យោងតាមស្ថានទូតជប៉ុនប្រចាំប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថា ប្រទេសជប៉ុននឹងបន្តគាំទ្រដល់ការពង្រីកគម្រោងថាមពលកម្ដៅក្នុងផែនដីក្នុងប្រទេសឥណ្ឌូណេស៊ី។ ក្រៅពីនេះ ក្លឹបហ្សាកាតា-ជប៉ុន ដែលប្រមូលផ្តុំដោយសហគ្រាសជប៉ុនក្នុងប្រទេសឥណ្ឌូណេស៊ីនោះ ក៏មានគោលបំណងបង្កើនការរួមចំណែករបស់ខ្លួនដល់សេដ្ឋកិច្ចក្នុងស្រុកឱ្យបានដល់ ៣៦% នៅត្រឹមចុងឆ្នាំ២០៣០ ផងដែរ ពោលគឺកើនឡើងពីចំនួន ១៦% ដែលត្រូវបានកត់ត្រាកាលពីឆ្នាំមុន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





