ម៉ាឡេស៊ីជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រ៊ីកស៍
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ -- ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ននេះ ប្រទេសម៉ាឡេស៊ីអាចស្នើឱ្យមានកិច្ចពិភាក្សារវាងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ និងក្រុមប្រទេសប្រ៊ីកស៍ (BRICS) ដើម្បីធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្ម និងកាត់បន្ថយការពឹងផ្អែកលើដៃគូប្រពៃណី។
លោក រៃស៍ ហ៊ូសស៊ីន (Rais Hussin) ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Emir Research និងជាអ្នកជំនាញខាងគោលនយោបាយក្នុងតំបន់ បាននិយាយថា ការអនុវត្តនេះនឹងធ្វើឱ្យមានការចូលរួមកាន់តែស៊ីជម្រៅជាមួយនឹងទីផ្សារដែលកំពុងរីកចម្រើន និងជំរុញសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ាន ជាពិសេសដោយសារភាពមិនច្បាស់លាស់នាពេលបច្ចុប្បន្ននៅក្នុងឆាកពិភពលោក។
ប្រទេសម៉ាឡេស៊ីរួមជាមួយប្រទេសថៃ ត្រូវបានទទួលស្គាល់ជាប្រទេសដៃគូនៃក្រុមប្រទេសប្រ៊ីកស៍ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ខណៈដែលប្រទេសឥណ្ឌូណេស៊ីបានក្លាយជាសមាជិកពេញសិទ្ធិកាលពីថ្ងៃទី០៦ ខែមករា។ ជាមួយនឹងការបញ្ចូលប្រទេសអាស៊ានទាំងបី និងសមាជិកថ្មីដែលរួមមានអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម ក្រុមប្រទេសប្រ៊ីកស៍ឥឡូវនេះតំណាងឱ្យប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកនិងជាង ៤១% នៃផលិតផលក្នុងស្រុកសរុបសកលលោក (GDP) ដែលផ្តល់ឱកាសទីផ្សារយ៉ាងសម្បើមសម្រាប់អាស៊ាន។
នេះជាមូលហេតុដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានរំលឹកយ៉ាងខ្ជាប់ខ្ជួនថា អាស៊ាន និងម៉ាឡេស៊ី អាចទទួលបានពីការកែលម្អពាណិជ្ជកម្ម និងបង្កើនការនាំចេញជាមួយក្រុមប្រទេសប្រ៊ីកស៍ ដែលសមាជិកដើមរួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌាចិន និងអាហ្វ្រិកខាងត្បូង។
ជាឧទាហរណ៍ ប្រទេសម៉ាឡេស៊ីអាចជួយដល់អាស៊ីអាគ្នេយ៍ក្នុងការបង្កើតភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមាន ១៥ប្រទេស ដោយមានកិច្ចចរចាលើកិច្ចព្រមព្រៀងជាក់លាក់តាមវិស័យប្រកបដោយបរិយាប័ន្នបន្ថែមទៀត ដែលជួយបើកទីផ្សារដល់សហគ្រាសធុនតូច និងមធ្យមក្នុងតំបន់។
ប្រទេសសមាជិកនៃក្រុមទាំងពីរ ដែលប្រទេសមួយចំនួនមានការអភិវឌ្ឍខ្លាំងដូចជាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ អាចស្វែងរកការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធរួមគ្នា ជាពិសេសលើវិស័យថាមពលដែលមិនអាចកកើតឡើងវិញ និងកកើតឡើងវិញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





