ស្លាប់ ៤នាក់ និងរបួស ៥នាក់ ក្នុងករណីរអិលបាក់ដីនៅឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ -- មនុស្សចំនួន ៤នាក់បានស្លាប់នៅក្នុងទីក្រុងបាតាំ ខេត្តកោះរីអូនៃប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីមានហេតុការណ៍រអិលបាក់ដីមួយបានវាយប្រហារអគារលំនៅដ្ឋានមួយកាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះ។
យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយខេត្តបានឱ្យដឹងថាគ្រោះមហន្តរាយនេះក៏បានធ្វើឱ្យមនុស្សចំនួន ៥នាក់ផ្សេងទៀតរងរបួស និងបានបំផ្លាញផ្ទះចំនួនប្រាំខ្នង។
លោក ហេនឌ្រីចា (Hendrija) ប្រធានផ្នែកស្តារនីតិសម្បទា និងការកសាងឡើងវិញរបស់ទីភ្នាក់ងារនោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ភ្លៀងធ្លាក់ខ្លាំងបាននឹងកំពុងធ្លាក់នៅលើកោះរីអូ ចាប់តាំងពីថ្ងៃទី១០ខែមករាមក ហើយត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃទី១៨ ខែមករា។
ក្រោយមក លោកបានជំរុញឱ្យសាធារណជនបន្តប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិដែលអាចកើតមានបន្ថែមទៀត។
ប្រទេសឥណ្ឌូណេស៊ីតែងតែជួបគ្រោះធម្មជាតិក្នុងរដូវវស្សា។ កាលពីខែវិច្ឆិកាកន្លងទៅ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសនេះបានព្រមានថា ប្រទេសនេះបានឈានចូលរដូវវស្សាហើយដោយកម្រិតទឹកភ្លៀងត្រូវបានកេរំពឹងថានឹងកើនឡើងចន្លោះពី ២០ ទៅ៤០% ដោយសារតែបាតុភូតអាកាសធាតុឡានីណាចុះខ្សោយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





