ពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅឃុំលើកដែក ស្រុកកោះធំ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
AKP កណ្ដាល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥-- លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ព្រមទាំងក្រុមការងាររបស់សាខា អនុសាខាស្រុក កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះសម្បែងចំនួន៣ខ្នង ស្មើនឹង៣គ្រួសារ ស្ថិតក្នុងឃុំលើកដែក ស្រុកកាះធំ ខេត្តកណ្តាល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ហាក់ សុខមករា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត ដោយបានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះបញ្ហាខ្សែភ្លើងចាស់ៗ ត្រូវផ្លាស់ប្តូរចេញ ហើយរៀបបណ្តាញខ្សែភ្លើងឱ្យទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ប្រុងប្រយ័ត្នភ្លើងទៀនភ្លើងធូបជាដើម ដែលអាចបង្កជាអគ្គិភ័យផ្សេងៗ ដែលធ្វើឱ្យយើងមានការបាត់បង់នូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់យើង។

ទន្ទឹមនឹងនេះ លោកអភិបាលរងខេត្តបានលើកទឹកចិត្តដល់ជនរងគ្រោះទាំង៣គ្រួសារ មិនត្រូវបាក់ទឹកចិត្ត និងការអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។
សូមជូនបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ មានគ្រោះអគ្គិភ័យមួយ មកពីការឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យមានការឆាបឆេះលំនៅឋានរបស់ប្រជាពលរដ្ឋអស់ទាំងស្រុងសរុបចំនួន៣ខ្នង ស្មើនឹង៣គ្រួសារ និងធ្វើឱ្យប្រជាពលរដ្ឋម្នាក់រលាកខ្លួននៅចំណុចភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

អំណោយមនុស្សធម៌ដែលចែកជូនក្នុងមួយគ្រួសារទទួលបាន អង្ករ៥០ គីឡូក្រាម មី១កេស កៅស៊ូតង់១ផ្ទាំង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធ១កេស ត្រីខ១យួរ ឃីតសម្ភារប្រើប្រាស់១កញ្ចប់ សម្ភារផ្ទះបាយ១ឈុត និងថវិកាចំនួន១ ០០០ ០០០ រៀល។ ដោយឡែកប្រជាពលរដ្ឋរងគ្រោះដោយភ្លើងរលាកខ្លួនម្នាក់ទទួលបានអង្ករ៥០គីឡូក្រាម មី១កេស កៅស៊ូតង់១ផ្ទាំង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធ១កេស ត្រីខ១យួរ ឃីតសម្ភារប្រើប្រាស់១កញ្ចប់ សម្ភារផ្ទះបាយ១ឈុត និងថវិកា ៥០០ ០០០ ផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





