រដ្ឋបាលខេត្តកណ្តាលបើកសិក្ខាសាលាអនុវត្តការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥
AKP កណ្ដាល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកណ្តាលបានបើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការអនុវត្តការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងពិធីនោះ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត បានបញ្ជាក់ថា សិក្ខាសាលានេះនឹងផ្ដល់នូវបទពិសោធន៍ល្អៗ ដល់សិក្ខាកាមក្នុងការយកទៅអនុវត្តក្នុងឆ្នាំបន្ត ហើយក៏ជាកម្លាំងចលករជំរុញឱ្យមានការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ និងលើកកម្ពស់សមភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះនៅមូលដ្ឋាន។ ម្យ៉ាងទៀត សិក្ខាសាលានេះនឹងផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់មានទំនាក់ទំនង និងសហការគ្នាជាធ្លុងមួយក្នុងការលើកកម្ពស់ ព្រមទាំងជំរុញការបញ្ជ្រាបយេនឌ័រ និងបង្កើនភាព អង់អាចដល់ស្រ្តី។

ក្នុងឱកាសនោះដែរ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបតាមតម្រូវការ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ពិសេសស្ត្រី និងកុមារ ប្រកបដោយបរិយាបន្ន និងសមធម៌សង្គមក្នុងក្របខ័ណ្ឌនៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងបរិបទដែលប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា បាន និងកំពុងអាស្រ័យផលពីសន្តិភាព សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថេរភាពនយោបាយ ដែលបានផ្តល់ឱកាសឱ្យយើងទាំងអស់គ្នាបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យជាបន្តបន្ទាប់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្ត (គ.ក.ស.ក) គឺជាគណៈកម្មាធិការដ៏មានសារៈសំខាន់មួយក្នុងចំណោមគណៈកម្មាធិការទាំងបីរបស់ក្រុមប្រឹក្សាខេត្ត ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់យោបល់ និងលើកជាអនុសាសន៍ជូនក្រុមប្រឹក្សា គណៈអភិបាល និងគណៈកម្មាធិការដទៃទៀតរបស់ក្រុមប្រឹក្សា អំពីបញ្ហាពាក់ព័ន្ធនឹងសមភាព យេនឌ័រ បញ្ហាស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះដែលស្ថិតនៅក្នុងអំណាចមុខងារ និង ភារកិច្ចរបស់ក្រុមប្រឹក្សា។ គ.ក.ស.ក មានតួនាទី ភារកិច្ចសម្របសម្រួល ពិគ្រោះយោបល់ ផ្តល់ប្រឹក្សា ពិនិត្យតាមដាន ជំរុញ និងសហការដោះស្រាយនូវការងារទាំងឡាយពាក់ព័ន្ធនឹងសមភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ សំដៅលើកកម្ពស់ការអភិវឌ្ឍស្ថានភាពស្ត្រី និងកុមារក្នុងខេត្ត។ គណៈកម្មាធិការនេះក៏ត្រូវបានការគាំទ្រទាំងស្មារតី និងថវិកា ពីរដ្ឋបាលខេត្ត ដែលមានកម្រិតខ្ពស់ក្នុងបណ្តារាជធានី ខេត្តទាំង២៥។ ទន្ទឹមនឹងការរីកចម្រើនលើគ្រប់វិស័យ យើងសង្កេតឃើញថា ករណីរំលោភសេពសន្ថវៈលើកុមារ ការប្រើអំពើហិង្សាក្នុងគ្រួសារលើស្ត្រី និងកុមារ គ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ។ល។ នៅតែបន្តកើតមាន។ ដូច្នេះសិក្ខាសាលានឹងឆ្លុះបញ្ចាំងនូវវឌ្ឍនភាព ចំណុចវិជ្ជមាន បញ្ហាប្រឈមទាក់ទងនឹងបញ្ហាសមភាពយេនឌ័រ បញ្ហាស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ មេរៀនបទពិសោធន៍ និងការបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ក្នុងការបំពេញមុខងារភារកិច្ចរបស់ គ.ក.ស.ក ខេត្ត គ.ក.ស.ក ក្រុង-ស្រុក គ.ក.ស.ក ឃុំ-សង្កាត់ ក្នុងការលើកកម្ពស់ស្ថានភាពស្ត្រី និងកុមារ ក្នុងមូលដ្ឋានខេត្តកណ្តាលសម្រាប់ឆ្នាំ២០២៤ និងទិសដៅ អនុវត្តបន្តនៅឆ្នាំ២០២៥ខាងមុខ។

ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្តបានបញ្ជាក់បន្ថែមថា សិក្ខាសាលានេះនឹងផ្តល់ឱកាសជូនលោក លោកស្រី ចូលរួមពិនិត្យ និងឆ្លុះបញ្ចាំងនូវការអនុវត្តគោលនយោបាយជាតិ កម្មវិធី និងផែនការយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកិច្ចគាំពារ សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារ និងជនងាយរងគ្រោះដូចជា ផែនការ យុទ្ធសាស្ត្រនារីរតនៈទី៦ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ គោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (ឆ្នាំ២០២១-២០៣០) និងការលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្ត្រីប្រកបដោយសមធម៌ និងបរិយាបន្នទាំងក្នុងការតែងតាំង ការគ្រប់គ្រងបុគ្គលិក ការរៀបចំផែនការអភិវឌ្ឍន៍៥ឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ ការរៀបចំ និងចាត់ចែងថវិកាព្រមទាំងកម្មវិធីនានា ដើម្បីធានាបញ្ហាសមភាពយេនឌ័រ បញ្ហាស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះត្រូវបានយកចិត្តទុកដាក់ដោះស្រាយ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





