អគ្គលេខាធិការរង គ.ជ.គ.ម ជួបពិភាក្សាជាមួយក្រុមបេសកកម្មសហរដ្ឋអាមេរិក និង WFP លើកិច្ចសហប្រតិបត្តិការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦--លោកប្រាក់ គីមហុង អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះបានទទួលជួបក្រុមបេសកកម្មរបស់សហរដ្ឋអាមេរិក ដឹកនាំដោយ លោក ម៉ៃឃើល រុននីង (Michael Ronning) ប្រធានផ្នែកជំនួយយុទ្ធសាស្ត្រតំបន់ នៃស្ថានទូតសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីស្ថានភាពមនុស្សធម៌ អាទិភាពនៃការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការដែលកំពុងបន្តរវាង គ.ជ.គ.ម. និងដៃគូអភិវឌ្ឍន៍ WFP ។

ក្នុងជំនួបនេះ លោកអគ្គលេខាធិការរង គ.ជ.គ.ម. បានធ្វើបទបង្ហាញអំពីយន្តការ និងអាទិភាពសំខាន់ៗនៃការគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា ដោយផ្តោតជាសំខាន់លើការពង្រឹងភាពធន់របស់សហគមន៍ និងការបង្កើនសមត្ថភាពរបស់មូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋអាចត្រៀមខ្លួន និងឆ្លើយតបបានទាន់ពេលវេលា។អាទិភាពសំខាន់ៗដែលបានលើកឡើង រួមមាន ការរៀបចំផែនការត្រៀមបម្រុងកម្រិតឃុំ ការលើកកម្ពស់ការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុននៅកម្រិតមូលដ្ឋាន ប្រព័ន្ធអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM) និងការកសាងទីទួលសុវត្ថិភាព ព្រមទាំងវិធានការសំខាន់ៗផ្សេងទៀតសម្រាប់កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយលើជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ភាគីសហរដ្ឋអាមេរិក លោក ម៉ៃឃើល រុននីង (Michael Ronning) បានសម្តែងការវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.គ.ម. ក្នុងការពង្រឹងភាពជាដៃគូជាមួយស្ថាប័នជាតិ អង្គការអន្តរជាតិ និងដៃគូពាក់ព័ន្ធ ដើម្បីលើកកម្ពស់ភាពធន់របស់កម្ពុជា ចំពោះហានិភ័យគ្រោះមហន្តរាយ ។ លោក ម៉ៃឃើល រុននីង បានបញ្ជាក់ទៀតថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបន្តផ្តល់ការគាំទ្រដល់ការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា តាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដោយផ្តោតលើអាទិភាពសំខាន់ពីរ គឺ ទី១ ការលើកកម្ពស់សមត្ថភាពស្ថាប័នក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងទី២ ការលើកកម្ពស់ការឆ្លើយតបតាមរយៈប្រព័ន្ធគាំពារសង្គម។

ជាមួយគ្នានេះ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោងរបស់ គ.ជ.គ.ម. និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក WFP នឹងបន្តពិភាក្សាលម្អិតអំពីផែនការ និងយន្តការអនុវត្តគម្រោងដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធានាថា ការគាំទ្រនេះនឹងទទួលបានលទ្ធផលជាក់ស្តែង និងមានប្រយោជន៍ដល់ការពង្រឹងសមត្ថភាពថ្នាក់ជាតិ និងភាពធន់របស់សហគមន៍កម្ពុជា។
ក្នុងជំនួបនេះបានបង្ហាញពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាង គ.ជ.គ.ម. សហរដ្ឋអាមេរិក និង WFP ក្នុងការរួមចំណែកដល់ការកាត់បន្ថយហានិភ័យ ការត្រៀមបម្រុង និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះគ្រោះមហន្តរាយ ។

ក្នុងជំនួបនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ.ជ.គ.ម. ដោយមានការអញ្ជើញចូលរួមពី លោកស្រី ឃ្យុងណាន់ ផាក (Kyung-nan Park) នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំនៅកម្ពុជា និងសហការី ជាច្រើនរូបទៀតផង ៕
ដោយ ណយ នឿន (ប្រភព៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





