ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា៖ នាយកដ្ឋាននីតិកម្មត្រូវយកចិត្តទុកដាក់បំពេញការងារ ដោយស្មារតីកាន់តែបុរេសកម្ម
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងាររបស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការនៃនាយកដ្ឋាននីតិកម្ម ក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥ ដើម្បីផ្តល់ជាជំហរឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីបានមានប្រសាសន៍ថា នាយកដ្ឋាននីតិកម្មត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការទាំងឡាយ និងដោយបុរេសកម្ម ត្រៀមខ្លួនជានិច្ចក្នុងការគិតពិចារណាទុកជាមុន ក្នុងការដោះស្រាយរាល់បញ្ហាសំណុំរឿងដែលជួបប្រទះ ដើម្បីដោះស្រាយឱ្យបានជោគជ័យ និងពង្រីកសេវាសុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានអនុញ្ញាតផ្តល់ឱកាសជូនអគ្គនាយករង រដ្ឋបាល-ហិរញ្ញវត្ថុ និងមន្រ្តីនាយកដ្ឋាននីតិកម្មធ្វើការណែនាំខ្លួន និងរំលឹកពីប្រវត្កិការងារ បទពិសោធន៍ធ្វើការកន្លងមក និងបានផ្តល់អនុសាសន៍ជាគន្លឹះរួមមាន៖ ១. នាយកដ្ឋាននីតិកម្ម ត្រូវអនុលោមភាពជាមួយបទប្បញ្ញត្តិទាំងឡាយ ដោយប្រកាន់ភ្ជាប់ភាពត្រឹមត្រូវ និងយុត្តិធម៌។ ២. នាយកដ្ឋាននីតិកម្មត្រូវតែធ្វើការគ្រប់គ្រងទៅលើកិច្ចសន្យាទាំងឡាយជាមួយស្ថាប័ន ឬដៃគូរពាក់ព័ន្ធ។ ៣. ប្រយុទ្ធប្រឆាំងនឹងភាពមិនត្រឹមត្រូវ ដោយត្រូវតែពន្យល់គ្នាជានិច្ចរវាងកិច្ចសហការ និងផ្នែកពាក់ព័ន្ធដើម្បីបានយល់គ្នាក្នុងភាពសុក្រិត។ ៤. នាយកដ្ឋាននីតិកម្មត្រូវការពារដោយផ្លូវច្បាប់ដល់អ្នកប្រើប្រាស់សេវា និងអ្នកផ្តល់សេវា។ ៥. ត្រូវតែយកចិត្តទុកដាក់កំណែទម្រង់ជាយុទ្ធសាស្រ្តក្នុងការងារនីតិកម្ម ដោយសហការណ៍ជាមួយនាយកដ្ឋានឌីជីថល។ ៦. សូមឱ្យពង្រឹងសមត្ថភាពមន្រ្តីតាមរយៈការបណ្តុះបណ្តាលបន្ត ការតាមដានត្រួតពិនិត្យលើច្បាប់លិខិតបទដ្ឋានគតិយុត្តរបស់ជាតិ-អន្តរជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃនាយកដ្ឋាននីតិកម្ម ដែលតែងតែខិតខំយកចិត្តទុកដាក់ក្នុងការបម្រើការងារកន្លងមក និងសូមជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋាននីតិកម្មទាំងអស់ ទទួលនូវជោគជ័យក្នុងភារកិច្ចការងារក្នុងឱកាសឆ្នាំថ្មីនេះ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





