ឯកឧត្តម សរ សិទ្ធិ៖ ពានបាល់ទាត់ក្រសួងមហាផ្ទៃមានគោលបំណងឱ្យមន្ត្រីកងកម្លាំងអនុវត្តច្បាប់ចូលរួមលេងកីឡាដើម្បីសុខភាព និងបង្កើនចំណងសាមគ្គីភាព
AKP ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥--ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា គោលដៅសំខាន់នៃការរៀបចំការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ក្រសួងមហាផ្ទៃនេះឡើង គឺដើម្បីឱ្យមន្ត្រីកងកម្លាំងអនុវត្តច្បាប់ក្រោមចំណុះក្រសួងមហាផ្ទៃបានចូលរួមលេងកីឡា ដើម្បីសុខភាព បង្កើនចំណងស្មារតីសាមគ្គីភាពរវាងអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន ក្រោមចំណុះក្រសួងមហាផ្ទៃ។

នេះជាការលើកឡើងរបស់ឯកឧត្តមរដ្ឋលេខាធិការ ក្នុងឱកាសសន្និសីទសារព័ត៌មាន និងការចាប់ឆ្នោតចែកពូលការប្រកួត “ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥ កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តម សរ សិទ្ធិ មានប្រសាសន៍ថា ជាធម្មតា ការរៀបចំពីមួយលើកទៅមួយលើក គឺគណៈកម្មការរៀបចំតែងតែកែលម្អរនូវរៀបចំ និងការចូលរួមរបស់ក្រុមនានា ដើម្បីធ្វើឱ្យកាន់តែល្អប្រសើរឡើងសម្រាប់រដូវកាលទី២នេះ។ ឯកឧត្តមរដ្ឋលេខាធិការជឿជាក់ថា ការប្រកួតនៅរដូវកាលទី២នេះនឹងកាន់តែមានការយោគយល់អធ្យាស្រ័យគ្នា និងជំរុញឱ្យកីឡាករគ្រប់ក្រុមទាំងអស់កាន់តែយល់ពីច្បាប់ល្បែងបាល់ទាត់ ព្រមទាំងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងន័យបង្កើនសុខភាព និងស្មារតីមិត្តភាព សាមគ្គីភាព។

បន្ថែមពីលើនេះ ក្រៅពីការរៀបចំកីឡាបាល់ទាត់របស់ក្រុមមន្ត្រីនគរបាលនេះ ក្រសួងមហាផ្ទៃក៏មានការរៀបចំប្រភេទកីឡាជាច្រើនទៀត ទាំងក្នុងស្រុក និងការប្រកួតអន្តរជាតិនានា ដែលអត្តពលិកជានគរបាលតែងតែចូលរួមប្រកួតប្រជែងមេដាយជូនអង្គភាព និងប្រទេសជាតិពីលើឆាកអន្តរជាតិ ដូចជាការប្រកួតកីឡាកម្រិតអាស៊ាន និងការប្រកួតកីឡានគរបាលពិភពលោក ដែលក្រសួងមហាផ្ទៃធ្លាប់បញ្ជូនអត្តពលិកចូលរួមចំនួន៣លើករួចមកហើយ ដូចជានៅប្រទេសចិន ប្រទេសហូឡង់ និងប្រទេសកាណាដា ហើយលើកទី៤ ដែលគ្រោងនឹងធ្វើឡើងនាពេលខាងមុខ ក្នុងឆ្នាំ២០២៥នេះនឹងធ្វើឡើងនៅសហរដ្ឋអាមេរិក។

ប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ក្រសួងមហាផ្ទៃ ឯកឧត្តម សរ សិទ្ធិ គូសបញ្ជាក់ទៀតថា ដោយទទួលបានអនុសាសន៍ និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានរៀបចំព្រឹត្តិការណ៍ប្រកួត ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ ឆ្នាំ២០២៥ ដែលគោលបំណងចម្បងរបស់យើងក្នុងការរៀបចំនូវព្រឹត្តិការណ៍នេះឡើង គឺដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ សំដៅបណ្តុះស្មារតីស្រឡាញ់កីឡា ដើម្បីសុខភាព និងរឹតចំណងសាមគ្គីភាព មិត្តភាពរវាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ។

ឯកឧត្តម សរ សិទ្ធិ សង្កត់ធ្ងន់ថា ការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនេះ គឺពិតជាបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ឯកឧត្តមប្រធានក្លឹបនីមួយៗ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ជំនួសមុខឱ្យគណៈកម្មការរៀបចំការប្រកួត ក៏ដូចជាបណ្តាក្លឹបទាំងអស់ដែលបានចូលរួមការប្រកួត ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ដល់សុខភាពមន្រ្តីរាជការក្រោមឱវាទ ដោយផ្តល់អនុសាសន៍ និងបានផ្តល់នូវការគាំទ្រ និងជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍កីឡានេះឡើង។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ ឆ្នាំ២០២៥នេះ មានការចូលរួមពីបណ្តាក្លឹបអគ្គស្នងការដ្ឋាន ក្លឹបអគ្គលេខាធិការដ្ឋាន ក្លឹបអគ្គនាយកដ្ឋាននានា សរុប ១៣ក្លឹប ដោយចែកចេញជា៤ពូល ក្នុងនោះ ៣ពូលមាន ៣ក្រុមស្មើៗគ្នា ខណៈពូល D មាន៤ក្រុម។ ចំពោះកម្មវិធីប្រកួត គឺត្រូវចាប់ផ្តើមពិធីបើក នៅថ្ងៃទី១៦ ខែមករា និងកម្មវិធីបិទ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ហើយពិធីបើក និងពិធីបិទ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ដោយឡែកការប្រកួតនានាធ្វើឡើងនៅទីលានបាល់ទាត់ វិទ្យាល័យបឹងត្របែក៕
ដោយ ហេង ណាលីន





