សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់រដ្ឋបាលខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តកំពង់ធំរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់រដ្ឋបាលខេត្តកំពង់ធំក្រោមអធិបតីភាពឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវលោកលោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលអភិបាលរងខេត្តមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាល និងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តមប្រធានក្រុមប្រឹក្សាបានថ្លែងថា អង្គសន្និបាតនេះបានឆ្លុះបញ្ចាំងនូវលទ្ធផលសម្រេចបានបញ្ហាប្រឈម និងដំណោះស្រាយសំដៅធ្វើឱ្យការអនុវត្តបន្ត កាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់ តាមរយៈការជជែកពិភាក្សា ផ្លាស់ប្តូរយោបល់របស់អង្គសន្និបាត។ លទ្ធផលសម្រេចបានគួជាទីមោទនៈក្នុងឆ្នាំ២០២៤កន្លងមកគឺជាលទ្ធផលនៃកិច្ចខិតខំអស់ពីកម្លាំងកាយចិត្ដ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការខិតខំបំពេញការងារតាមតួនាទី ភារកិច្ចប្រកប ដោយឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងការចូលរួមពីដៃគូអភិវឌ្ឍន៍ សប្បុរសជន អ្នកពាក់ព័ន្ធនានា ជាពិសេសគឺការសហការ និងការចូលរួមពីប្រជាពលរដ្ឋ។ ទោះជាយ៉ាងនេះក្តី យើងក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលរដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែសហការគ្នាដោះស្រាយ និងខិតខំពង្រឹងការអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនថែមទៀត។

ទន្ទឹមនឹងនេះ លោក ញ៉ឹក បានខេង អភិបាលរងខេត្តបានឡើងអានការបែងចែកក្រុមពិភាក្សាជា០៦ក្រុមពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៦៖ ១. ការបង្ក្រាបបទល្មើសគ្រឿងញៀន ២. ការបង្ក្រាបបទល្មើសចោរកម្ម ៣. ការបង្ក្រាបបទល្មើសព្រៃឈើ ៤. ការបង្ក្រាបបទល្មើសជលផលនិងព្រៃលិចទឹក ៥. ការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ និង៦. ការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ និងមន្ទីរអង្គភាព៕

ដោយ ស៊ុម វណ្ណា





