មនុស្ស ៣នាក់បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ -- ប្រភពយោធាលីបង់បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ៣នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានកំណត់គោលដៅទៅលើមនុស្សមួយក្រុមនៅជិតកសិដ្ឋាន Shebaa នៅភាគខាងត្បូងប្រទេសលីបង់។
ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មានស៊ីនហួថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានបាញ់មីស៊ីលពីអាកាសទៅដីនៅតំបន់ Bastra ភាគខាងត្បូងទីក្រុងសេបាដែលបណ្តាលឲ្យមានអ្នកស្លាប់។
កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា កងទ័ពអាកាសរបស់ខ្លួនបានកំណត់អត្តសញ្ញាណនិងវាយប្រហារលើ «ជនសង្ស័យ» ៣នាក់នៅជិតកសិដ្ឋាន Shebaa ។
ទន្ទឹមនឹងនេះដែរ អគ្គនាយកដ្ឋានការពារជនស៊ីវិលរបស់ប្រទេសលីបង់បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានយកសាកសពចំនួន ២នាក់នៅក្នុងតំបន់ទីប្រជុំជន Khiam របស់ប្រទេសលីបង់ សាកសពមនុស្សចំនួន ៨នាក់នៅក្នុងទីក្រុង Naqoura សាកសពចំនួន ២នាក់នៅក្នុងភូមិប៊ីយ៉ាដាហ៍ និងសាកសពម្នាក់នៅក្នុងភូមិមួយនៃតំបន់ Tayr Harfa ។
បទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំងបានចូលជាធរមាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណងបញ្ឈប់ការប្រយុទ្ធគ្នាជិត ១៤ខែរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់ហេបូឡាហ៍។
បើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ ក៏កងទ័ពអ៊ីស្រាអែលនៅតែធ្វើសកម្មភាពវាយប្រហារនៅក្នុងប្រទេសលីបង់ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស។ អ៊ីស្រាអែលបានចោទក្រុមហេបូឡាហ៍ពីបទរំលោភលើបទឈប់បាញ់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





