ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ២០នាក់នៅទូទាំងតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ -- យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២០នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់រងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីតាំងផ្សេងៗនៃតំបន់ហ្គាហ្សាស្ទ្រីប។
អ្នកនាំពាក្យការពារជនស៊ីវិល លោក ម៉ាហ៍មូដ បាសាល់ (Mahmoud Basal) បានប្រាប់សារព័ត៌មានស៊ីនហួថា ជនជាតិប៉ាឡេស្ទីន ៨នាក់ រួមទាំងកុមារ ២នាក់ និងស្ត្រី ២នាក់ត្រូវបានសម្លាប់ ហើយមនុស្សជាង ៣០នាក់ រួមទាំងកុមារ ១៩នាក់បានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែករបស់អ៊ីស្រាអែលទៅលើសាលារៀនមួយកន្លែងដែលមានជនភៀសខ្លួនស្នាក់នៅក្នុងតំបន់Jabalia ភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប។
លោក បាសាល់ បាននិយាយថា នៅក្នុងការវាយប្រហារមួយផ្សេងទៀត ជនជាតិប៉ាឡេស្ទីន ២នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានកំណត់គោលដៅផ្ទះមួយនៅក្នុងសង្កាត់ស៊ូចៃយ៉ាភាគខាងកើតនៃទីក្រុងហ្គាហ្សា។
មនុស្ស ៣នាក់ផ្សេងទៀត រួមទាំងស្រ្តីម្នាក់ និងកុមារម្នាក់ត្រូវបានសម្លាប់ និង១០នាក់ទៀតរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកដែលសំដៅទៅលើផ្ទះល្វែងមួយកន្លែងនៃអគារមួយក្នុងសង្កាត់ អាល់ រីម៉ាល់ ភាគខាងលិចនៃទីក្រុងហ្គាហ្សា។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក អាវីចាយ អាដ្រេ (Avichay Adraee) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយន្តហោះរបស់កងទ័ពអាកាសបានវាយប្រហារទៅលើ «ក្រុមភេរវករ»របស់ក្រុមហាម៉ាស់ ដែលបានប្រតិបត្តិការនៅខាងក្នុងអគារ និងគ្រប់គ្រងនៅក្នុងតំបន់មួយដែលពីមុនធ្លាប់ជាសាលារៀននៅតំបន់ Jabalia ។ លោកបានបន្ថែមថា សមាជិកក្រុមហាម៉ាស់បានប្រើប្រាស់អគារនេះដើម្បីរៀបចំផែនការ និងធ្វើការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល។
អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៤៦.៥៣៧នាក់ហើយ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





