រដ្ឋមន្ត្រីក្រសួងវប្បធម៌ចូលរួមពិធីប្រុងពលីជួសជុលចេតិយព្រះបាទចន្ទរាជា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ -- លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានរៀបចំពិធីប្រុងពលីបើកការដ្ឋានជួសជុលចេតិយព្រះបាទចន្ទរាជា នៅលើភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាល ដែលកំពុងស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោមបាក់បែកយ៉ាងខ្លាំង។

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការងារអភិរក្ស និងជួសជុលនេះ នឹងចំណាយពេល៤ខែ ពោលគឺចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ក្រោមការឧបត្ថម្ភថវិកាពីឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងលោកជំទាវ យី សុភា។ កិច្ចសហការលើការងារអភិរក្សនេះ គឺជាគំរូមួយនៃកិច្ចសហការអន្តរក្រសួងសប្បុរសជន និងស្ថាប័ននានា លើវិស័យសេដ្ឋកិច្ច និងវប្បធម៌ ដែលកើតឡើងក្នុងបរិយាកាសនៃកិច្ចប្រឹងប្រែងធ្វើឱ្យបេតិកភណ្ឌអាចរក្សាបានយូរអង្វែង។ ការខូចខាតទាំងនេះ រួមមានការហូរច្រោះគ្រឹះស្រុតខឿនក្រោម ប្រេះរបេះកំបោរបាយអរ រលុះឥដ្ឋ និងល្បាក់ក្បាច់នៃតួចេតិយ។

សូមបញ្ជាក់ថា ការខូចខាតទាំងនេះគឺបណ្តាលមកពីកត្តាធម្មជាតិ និងអាយុកាលរបស់សំណង់។ ចេតិយព្រះបាទចន្ទរាជាស្ថិតនៅមុខព្រះពុទ្ធចូលនិព្វាន កសាងឡើងតាំងពី គ.ស.១៥៦៧ ព្រះបាទបរមិន្ទរាជាទ្រង់សាងសម្រាប់បញ្ចុះព្រះអដ្ឋិនៃព្រះចន្ទរាជាជាព្រះរាជបិតា។ ចេតិយនេះបែរមុខទៅទិសខាងជើង សាងពីឥដ្ឋតាន់បូកបាយអ មានការបាក់បែកដោយអន្លើ។ ចេតិយនេះមានការជួសជុលជាបន្តបន្ទាប់តាំងពីក្នុងរាជ្យហ្លួងនរោត្តមរហូតមកដល់ហ្លួងព្រះស៊ីសុវត្ថិ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





