អភិបាលស្រុកសន្ទុកអញ្ជើញបើកកម្មវិធីនេសាទត្រីសហគមន៍ឃុំទីពោជាទំនៀមទម្លាប់តាំងពីបុរាណ
AKP កំពង់ធំ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ -- លោក ឡង គីសឹង អភិបាលស្រុកសន្ទុក រួមជាមួយរដ្ឋបាលឃុំទីពោ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានបើកកម្មវិធីនេសាទត្រីសហគមន៍ប្រចាំឃុំទីពោ នៅបឹងសហគមន៍ពោរ៍ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ និងមានបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចូលនេសាទយ៉ាងច្រើនកុះករ និងសប្បាយរីករាយដោយប្រើឧបករណ៍នេសាទបុរាណដូចជា សំណាញ់ អង្រុត ទ្រូ ជាដើមស្ថិតនៅឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក ឡង គីសឹង បានលើកឡើងថា ជារៀងរាល់ឆ្នាំនៅខែមករា បងប្អូនប្រជាពលរដ្ឋនាំគ្នានេសាទត្រីនៅក្នុងបឹងសហគមន៍ ជាទំនៀមទម្លាប់ប្រពៃណីតាំងពីបុរាណកាលមក។ នេះជាហេតុដែលធ្វើបងប្អូនប្រជានេសាទទាំងអស់ចូលរួមថែរក្សាការពារធនធានធម្មជាតិមច្ឆជាតិឱ្យបានគង់វង្ស និងរក្សានូវប្រពៃណីទំនៀមទម្លាប់ទុកឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់បានដឹងពីការនេសាទត្រីជាលក្ខណៈគ្រួសារនៅក្នុងសហគមន៍នេះ។

ក្នុងឱកាសនោះ លោកមេឃុំទីពោបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមឱ្យបានច្រើនក្នុងថ្ងៃបើកនេសាទ និងណែនាំឱ្យបងប្អូនក្នុងមូលដ្ឋានចូលរួមថែរក្សាការពារបឹងសហគមន៍ ទុកដើម្បីឱ្យត្រីពងកូនបន្តពូជទៅថ្ងៃអនាគត់និងមិនអនុញ្ញាតិឱ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ឡើយ។

លោកបានបន្តថាកម្មវិធីនេសាទត្រីលក្ខណៈជាលក្ខណៈគ្រួសារនៅបឹងសហគមន៍នេះនឹងប្រារព្ធឡើងជារៀងរាលឆ្នាំតទៅថ្ងៃមុខទៀត និងសូមសំណូមពរដល់ថ្នាក់ដឹកនាំឬអង្គការដៃគូអភិវឌ្ឍនានាសូមជួយឧបត្ថម្ភ និងគាំទ្រសហគមន៍ដែលបង្កើតឡើងដោយប្រជាពលរដ្ឋនៅក្នុងឃុំទីពោ ដើម្បីរក្សាពូជត្រីឱ្យបានគង់វង្ស និងបន្តពូជឱ្យបានច្រើននៅក្នុងបឹងសហគមន៍នេះ៕


ដោយ ស៊ុម វណ្ណា





