អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ក្នុងឆ្នាំ២០២៤ ក្រសួងព័ត៌មានបានកត់ត្រាព័ត៌មានក្លែងក្លាយសរុប ៣ ៦៥១ ករណី ដែលចំនួននេះកើនឡើងប្រមាណជិត១៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣
AKP ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥-គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយននៃក្រសួងព័ត៌មាន ក្នុងឆ្នាំ២០២៤ បានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន ៣ ៦៥១ ករណី ដែលចំនួននេះបានកើនឡើងប្រមាណជិត១៤ ភាគរយ បើប្រៀបធៀបនឹងចំនួនព័ត៌មានក្លែងក្លាយកត់ត្រាទុកក្នុងឆ្នាំ២០២៣ ដែលមានត្រឹមចំនួន ៣ ២០៨ ករណី។ នេះគឺជាការថ្លែងបញ្ជាក់របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ។
ឯកឧត្តម ទេព អស្នារិទ្ធ បានថ្លែងថា ការសាយភាយព័ត៌មានក្លែងក្លាយគឺបានកើតឡើងតាំងពីយូរមកហើយ ហើយវាជានិន្នាការសកល។ ឯកឧត្តលើកឡើងថា ព័ត៌មានក្លែងក្លាយបានមានសន្ទុះខ្លាំងក្លាឡើង ខណៈពេលដែលពិភពលោកមានមធ្យោបាយទំនើបសម្រាប់ប្រើប្រាស់ក្នុងការប្រាស្រ័យទាក់ទងគ្នា ផ្តល់ និងទទួលព័ត៌មាន ពោលគឺការសាយភាយព័ត៌មានក្លែងក្លាយបានកើនឡើងច្រើន ក្នុងយុគសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាមានការរីកចម្រើន ជាពិសេសតាមរយៈការប្រើបណ្តាញទំនាក់ទំនងសង្គម និងបច្ចេកវិទ្យាAi ។ ឯកឧត្តមអ្នកនាំពាក្យបានអះអាងថា ក្រសួងព័ត៌មាន បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានិងគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់សុវត្ថិភាព និងធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន រួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពជាតិ។ អ្នកនាំពាក្យរូបនេះបានអះអាងបន្ថែមថា៖ «ក្នុងស្ថានភាពនេះ យើងចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ឱ្យជាប់លាប់ និងកាន់តែខ្លាំងក្លាជាងមុន ក្នុងការជំរុញប្រសិទ្ធភាពយន្តការប្រឆាំងព័ត៌មានក្លែងក្លាយ ក៏ដូចជាដាក់ចេញនូវយន្តការ ភ្ជាប់ជាមួយនឹងមធ្យោបាយសមស្របនានា ដើម្បីឆ្លើយតប ទាំងសកម្ម និងបុរេសកម្ម លើគ្រប់រូបភាព និងទម្រង់ ទាំងបច្ចេកទេស និងសតិអារម្មណ៍ ដោយរាប់បញ្ចូលទាំងការអនុវត្តយុទ្ធសាស្ត្រព័ត៌មាន យុទ្ធនាការអប់រំ ការលើកកម្ពស់ផ្នែកអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីរួមចំណែកជំរុញប្រសិទ្ធភាព»។
ទន្ទឹមនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានគូសបញ្ជាក់ផងដែរថា ការប្រឆាំងព័ត៌មានក្លែងក្លាយក៏ចាំបាច់ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីក្នុងសង្គម ក្នុងនោះប្រជាពលរដ្ឋដែលជាអ្នកទទួល ចែកចាយ និងប្រើប្រាស់ព័ត៌មានជាប្រចាំ ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ ពិតជាមានតួនាទីសំខាន់ក្នុងការរួមចំណែកដល់ការទប់ស្កាត់ និងកាត់បន្ថយព័ត៌មានក្លែងក្លាយចេញពីលំហព័ត៌មានក្នុងសង្គមរស់នៅរបស់យើង។
បើតាមឯកឧត្តម ទេព អស្នារិទ្ធយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ Say No to Fake News !» ដែលក្រសួងព័ត៌មាននឹងរៀបចំនៅពេលខាងមុខនេះ នឹងក្លាយជាយន្តការមួយដ៏សំខាន់រួមចំណែកកាត់បន្ថយឱ្យមកកម្រិតអប្បបរមានូវព័ត៌មានក្លែងក្លាយពីលំហព័ត៌មានក្នុងសង្គមកម្ពុជា ដើម្បីធានាសន្តិសុខព័ត៌មាន៖ គឺការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងដែរថា គោលដៅនៃយុទ្ធនាការនេះផ្តោតលើការផ្លាស់ប្តូរឥរិយាបទរបស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា។ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានរូបនោះសង្កត់ធ្ងន់ថា៖ «នៅពេលប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ម្នាក់ៗយល់ដឹងអំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ និងចេះបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវ ជាពិសេសមុនការចែកចាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមុនៗនឹងចែកចាយព័ត៌មាន ពេលនោះយើងម្នាក់ៗនឹងអាចរួមចំណែកដល់ការកាត់បន្ថយព័ត៌មានក្លែងក្លាយ ព័ត៌មានបែបបំពុល ចេញពីក្នុងលំហព័ត៌មានរបស់យើងបានជាមិនខាន ហើយទទួលបានមកវិញនូវការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកក្នុងការរស់នៅ ដើម្បីបន្តធានាស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ដើម្បីការពារសង្គមគ្រួសារ និងសង្គមជាតិយើងយើងចាំបាច់ត្រូវរួមគ្នាទប់ស្កាត់ហានិភ័យ និងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយទាំងនោះ ដើម្បីបញ្ជៀសការខាតបង់ពេលវេលា ប្រាក់កាស ឬព្យសនកម្មនានាដែលអាចកើតមានជាយថាហេតុ បណ្តាលមកពីព័ត៌មានក្លែងក្លាយ »៕

ដោយ៖ រិទ្ធី





