សិស្សនិទ្ទេសA ២២១នាក់ នៅខេត្តសៀមរាប ទទួលបានម៉ូតូម្នាក់មួយគ្រឿងពីសម្តេចពិជ័យសេនា ទៀ បាញ់
AKP សៀមរាប ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥–បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា២០២៣-២០២៤ ដែលបានលទ្ធផលនិទ្ទេស A ចំនួន២២១នាក់ ទទួលបានរង្វាន់លើកទឹកចិត្តម៉ូតូ ១គ្រឿង នឹងលិខិតសរសើរ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប។ ពិធីប្រគល់ម៉ូតូនេះ បានធ្វើឡើង នៅសួនច្បាមាត់ស្ទឹងជិតព្រះរាជដំណាក់ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។


លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានឱ្យដឹងថា នៅខេត្តសៀមរាបសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤នេះ មានបេក្ខជនដែលបានមកប្រឡងចំនួន១០៧៣៦នាក់ ស្រី៦២៥៧នាក់ ក្នុងនោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន៩១២៥នាក់ ស្រី៥៥០៤នាក់។ សិស្សទទួលបាននិទ្ទេស Aចំនួន២២១នាក់ ស្រី១២២នាក់ , និទ្ទេស B ចំនួន៨៦៤នាក់, និទ្ទេស Cចំនួន២០៧១នាក់, និទ្ទេស D មានចំនួន៣.២៩៨នាក់ និង និទ្ទេស E មានចំនួន២.៦៧១នាក់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា បេក្ខជននិទ្ទេសA ក៏ដូចលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ ទាំងគ្រឹះស្ថានរដ្ឋ និងឯកជន ព្រមទាំងមាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ពិតជាបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សបានល្អនៅកម្ពុជា ជាពិសេសខេត្តសៀមរាបបានល្អប្រសើរ។ ក្នុងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតសំខាន់ក្នុងវិស័យអប់រំ លើការបណ្តុះបណ្តាលធនធានមនុស្ស ដោយបានជំរុញដល់សិស្សទាំងអស់ ត្រូវខិតខំសិក្សាតាមបែបឌីជីថល ហើយត្រូវខិតខំសិក្សាឈ្វេងយល់ឱ្យទាន់នាសម័យទំនើបនេះ បន្ទាប់ពីបញ្ចប់មធ្យមសិក្សាទុតិយភូមិ ត្រូវបន្តនូវថ្នាក់មហាវិទ្យាល័យ សាកលវិទ្យាល័យ នូវមុខវិជ្ជាដែលខ្លួនចង់បាន ព្រោះជាសរសស្តម្ភដ៏រឹងមាំ និងជាធនធានមនុស្សបន្តវេន ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើន ឱ្យដូចបណ្តាប្រទេសជឿនលឿននៅលើសកលលោក៕
ដោយ៖ ឃុត សៅ





