គណ:ប្រតិភូសមាគមចិន កាណាដា អញ្ជើញសិក្សាស្វែងយល់ពីសក្តានុពល និងការវិនិយោគ
AKP ព្រះសីហនុ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥–លោក ឯម ភាព អភិបាលរង នៃគណ:អភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយវិនិយោគិនជនជាតិចិន កាណាដា ដឹកនាំដោយ លោក ខេវិន ម៉ូ K elvin Mo ប្រធានសមាគមធុនទូច និងមធ្យមក្នុងតំបន់អាស៊ីប៉ាស៊ីភិច និងជាប្រធានប្រតិភូ ដើម្បីសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ នារសៀលថ្ងៃសៅរទី១១ ខែមករា ឆ្នាំ២០២៥ ។

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូក្រុមហ៊ុនចិន ចិន កាណាដា មកកាន់តំបន់ឆ្នេរដ៏ស្រស់ស្អាត ខេត្តព្រះសីហនុ ខេត្តមានក្រុង៣ ស្រុក៣ ស្មើនឹង ១៨ឃុំ ១១សង្កាត់ និង១១១ភូមិ (ក្រុងថ្មីមួយនឹងបង្កើតនាពេលខ្លីខាងមុខ គឺក្រុងកំពង់សោម) អត្រាកំណើនសេដ្ឋកិច្ច ៦ភាគរយ និងចំណូលជាធម្យមសម្រាប់មនុស្សម្នាក់ GDP ៤ ៦០២ដុល្លាអាម៉េរិក កាត់បន្ថយភាពក្រីក្រធ្លាក់ចុះមកត្រឹម ១,២២ ភាគរយ។ ខេត្តព្រះសីហនុមានធនធានធម្មជាតិរួមមាន កោះតូច ធំ៣២ ថ្មដុះ១ និងថ្មប៉ប្រះទឹក៥ ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ភ្នំ ឧទ្យាន ជាតិលើគោក និងបាតសមុទ្រ មានឆ្នេរសមុទ្រ ១៧៥គីឡូម៉ែត្រ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងជាគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយដែលប្រសិទ្ធនាមថា "តារារះនាទិសនិរតី"។ ខេត្តព្រះសីហនុ ជាច្រកចេញចូលអន្តរជាតិដ៏សំខាន់របស់កម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែស្វយ័តអន្តរជាតិទឹកជ្រៅ ប្រព័ន្ធផ្លូវគោក និងផ្លូវដែក។ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ក្នុងផែនការមេរៀបចំដែនដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣៨ គឺរៀបចំ និងអភិវឌ្ឍក្រុងព្រះសីហនុ ជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាតវៃ និងបរិយាបន្ន។ តាមរយ:ការអភិវឌ្ឍទីក្រុងទំនើប បៃតងប្រកបដោយភាពច្នៃប្រឌិតរស់រវើក និងបរិស្ថានរស់នៅល្អ តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងជាមជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ និងកោះស្អាតបំផុតលើសកលលោកសម្រាប់ការស្នាក់នៅលម្ហែកាយ ជាមជ្ឈមណ្ឌលគាំទ្រឧស្សាហកកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប នវានុវត្តន៍ ច្រកចេញចូលអន្តរជាតិ និងភស្តុភាកម្មជាតិដែលមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក។ ចំពោះវិស័យមានសក្តានុពលអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរួមាន វិស័យសំណង់ អចលនទ្រព្យ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ កសិឧស្សាហកម្ម និងវិស័យគមនាគមន៍។ល។ ខេត្តព្រះសីហនុមានតំបន់សេសកិច្ចពិសេសចំនួន១២ ហើយតំបន់សេដ្ឋកិច្ច ៥កំពុងដំណើការ មានរោងចក្រសរុប២៨៤ ដំណើរការ ១៩៣រោងចក្រ មានកម្មករសរុប ៤៨.១៦៤នាក់ ស្រី ២៤.៤៥២នាក់។

លោក អភិបាលរងខេត្តបានបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពជា បានដាក់ចេញនូវកម្មវិធីពិសេសលើកទឹកចិត្តជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ២០២៤ ដែលមានអគារជាប់គាំងជាង៣០០ ដោយសារវិបត្តិកូវីដ-១៩ និងវិបត្តិសកល។ ដោយឈរលើទស្សទាននៃកម្មវិធីពិសេសជំរុញការវិនិយោគ ១.កែប្រែមុខមាត់ខេត្តឱ្យទៅជាខេត្តមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើឧស្សាហកម្ម ទេសចរណ៍ និងការវិនិយោគ ២.ដោះស្រាយបញ្ហាប្រឈមជាក់ស្តែងដែលនាំមកនូវលទ្ធផលឆាប់រហ័ស ៣.បំពេញបន្ថែម និងធ្វើឱ្យមានអង្គភាពជាយុទ្ធសាស្ត្រ និងផែនការក្នុងវិស័យផ្សេងៗដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ៤.បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និងការអភិវឌ្ឍឧស្សាហកម្មក្នុងខេត្តព្រះសីហនុឱ្យមានតម្លៃបន្ថែមផលិតភាពខ្ពស់ និងឧត្តមភាពប្រកួតប្រជែង។ វិសាលភាពនៃកម្មវិធីពិសេសសការលើកទឹកចិត្តពិសេសសម្រាប់គម្រោងវិនិយោគពាក់ព័ន្ធ និងអគារជាប់គាំងមានដូចជា ការលើកទឹកចិត្តពន្ធ ការគាំទ្រផ្នែករដ្ឋបាល ការគាំទ្រផ្សេងៗទៀត ។

លោក ខេវិន ម៉ូ Kelvin Mo ប្រធានសមាគមវិនិយោគចិន ចិន កាណាដា បានថ្លែង អំណគុណលោកអភិបាលរងខេត្ត និងសហការីដែលបានអនុញ្ញាតិឱ្យប្រតិភូក្រុមហ៊ុនវិនិយោគចិន និងក្រុមហ៊ុនកាណាដា ចិនជួបពិភាក្សា ក្នុងឱកាសដែលគណប្រតិភូបាន មកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ សមាគមរបស់លោកមានទីតាំងនៅប្រទេសកាណាដា ហើយថ្ងៃនេះយើងមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីទីតាំងភូមិសាស្ត្រ និងសក្តានុពលពាក់ព័ន្ធបរិមាណ គុណភាព និងទុនវិនិយោគ និងធ្វើការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនានា ដែលមានក្រុមហ៊ុនដូចជា ក្រុមហ៊ុនទឹក( ប្រតិកម្មទឹកស្អាត) ក្រុមហ៊ុនកសិកម្ម ចង់មកធ្វើការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសកម្ពុជា ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ និងសណ្ឋាគារ ចង់អភិវឌ្ឍន៍នៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ក្រុមហ៊ុនរោងចក្រ សហគ្រាសនៅទីក្រុង Beijjing សាជីវកម្មកាណាដាពាក់ព័ន្ធហិរញ្ញប្បទាន នាយកដ្ឋានសមុទ្រទីក្រុងប៉េកាំង។

លោក ក៏បានថ្លែងអំណគុណរដ្ឋបាលខេត្តព្រះសីហនុ បានចំណាយពេលធ្វើការអត្ថាធិប្បាយពីកត្តាភូមិសាស្ត្រ វិទ្យាសាស្ត្រ សេដ្ឋកិច្ចនិងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ជូនដល់គណ:ប្រតិភូរបស់លោកប្រកបដោយបរិយាកាសស្និទ្ធស្នាល ៕
ដោយ៖ ងូ សុមុនី





