ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោង
AKP កំពង់ធំ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥--ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទោងនិងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំកាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោងស្រុកស្ទោងខេត្តកំពង់ធំនិងដោយមានការអញ្ជើញចូលរួមពីអនុប្រធានក្រុមការងារចុះជួយស្រុក ឃុំ ក្រុមការងារនិងគណៈកម្មាធិការ គណបក្សប្រជាជនគ្រប់ថ្នាក់និងសមាជិក សមាជិកា គណបក្សប្រមាណ៨០០នាក់។

ក្នុងឱកាសនោះឯកឧត្តម នួន ផារ័ត្នក្នុងនាមប្រធានគណបក្សខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងាចុះជួយមូលដ្ឋានស្រុកស្ទោង ដែលឯកឧត្តមរដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់ជំរុញការងារកសាងស្នាក់ការគណបក្សប្រជាជនឱ្យបានគ្រប់ឃុំទាំងអស់នៅក្នុងស្រុកស្ទោងនិងសូមប្រែក្លាយទីស្នាក់ការគណបក្សនេះឱ្យមានជាសកម្មភាពនយោបាយជាប់ជាប្រចាំជាមជ្ឈមណ្ឌលប្រមូលផ្ដុំសកម្មភាពនយោបាយរបស់បក្ស ព្រមទាំងផ្សារភ្ជាប់ជាមួយប្រជាជននឹងសមាជិកគណបក្សឱ្យបានស្និទស្នាលបំផុតជាពិសេសសុំឱ្យប្រធានគណបក្សឃុំខិតខំប្រឹងប្រែងពង្រឹងការងារកសាងបក្សនិងការកសាងសមាជិកបក្សបន្ថែមទៀត។

ឯកឧត្តម ថោ ជេដ្ឋា បានសម្តែងនូវសេចក្តីសប្បាយរីករាយដែលបានមកជួបក្រុមការងារចុះជួយស្រុក ឃុំ និងគណៈកម្មាធិការគណបក្សប្រជាជនគ្រប់ថ្នាក់សមាជិក សមាជិកា គណបក្សទាំងអស់នាឱកាសនេះ។


ឯកឧត្តម ថោ ជេដ្ឋាបានលើកឡើងថា «សាមគ្គីឯកភាពផ្ទៃក្នុង ជាកត្តាពង្រឹងភាពឈ្នះរបស់គណបក្សប្រជាជន»ដូច្នេះសូមសមាជិកសមាជិកា ជឿជាក់និងទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបន្តថែរក្សានិងធានាឱ្យបាននូវផលប្រយោជន៍ជូនប្រជាជននិងប្រទេសជាតិបន្ថែមទៀត៕
ដោយ៖ ស៊ុម វណ្ណា





