ឯកឧត្តម នេត្រ ភក្ត្រា៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាផ្នែកមួយចាំបាច់ដើម្បីធ្វើឱ្យមានសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន លើកតម្លៃវិជ្ជាជីវៈ និងការពារសិទ្ធិរបស់អ្នកសារព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥-ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា «ធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន» គឺជាផ្នែកមួយចាំបាច់ដើម្បីធ្វើឱ្យមានសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មានលើកតម្លៃវិជ្ជាជីវៈ និងការពារសិទ្ធិរបស់អ្នកសារព័ត៌មាន។

ឯកឧត្តមបានថ្លែងបញ្ជាក់ថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» គឺជាមូលដ្ឋានរួមមួយសម្រាប់អនុវត្តន៍ប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ ដែលជាផ្នែកមួយសម្រាប់ការលើកកម្ពស់សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ និងការពារ សុវត្ថិភាពដល់អ្នកសារព័ត៌មាន ។ ការថ្លែងបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្រ្តីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្វែងយល់អំពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា សហការរៀបចំដោយក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមសិក្សាស្វែងយល់ពីអ្នកសារព័ត៌មានប្រមាណជាង ៤០០នាក់ ។

ឯកឧត្តម នេត្រ ភក្រ្តា ថ្លែងបញ្ជាក់ថា ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះសម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្តន៍ ហើយក៏ជាអាវក្រោះយ៉ាងសំខាន់ក្នុងការពារខ្លួនយើង និងសម្រាប់ជាគុណតម្លៃរួមនៃវិជ្ជាជីវៈសារព័ត៌មាន ។ ជាមួយនេះ អ្នកសារព័ត៌មានត្រូវតែស្គាល់ពីខ្លួនឯងឱ្យបានច្បាស់ថា ខ្លួនយើងមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ទេ និងក៏មិនមែនជាតុលាការកាត់ សេចក្តីឱ្យនរណាខុស នរណាត្រូវដែរ ហើយអ្នកសារព័ត៌មានក៏មិនមានអំណាចបញ្ជាឱ្យនរណាម្នាក់ធ្វើនេះ ឬធ្វើនោះបានដែរ។ តែផ្ទុយទៅ វិញអ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីទីកន្លែងមួយទៅទីកន្លែងមួយ ដែលប្រកបដោយប្រភពច្បាស់លាស់ ពោលគឺអ្នកអនុវត្តន៍លើសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ គឺត្រូវប្រកាន់ខ្ជាប់នូវការគោរពចំពោះរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តជាតិ និង អន្តរជាតិដែលមាន។

អ្នកសារព័ត៌មានត្រូវឈរលើមូលដ្ឋាននៃប្រភពព័ត៌មានច្បាស់លាស់ បើការសរសេរព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ នោះគឺជាការទទួលខុស ត្រូវរបស់យើងទាំងស្រុងទៅលើព័ត៌មានដែលខ្លួនបានផ្សាយ ហើយក៏ជាការខុសក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា៖ «ការដាក់ឱ្យអនុវត្តន៍ “ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន” ដើម្បីឆ្ពោះទៅរកការលើកកម្ពស់សេរីភាព សារព័ត៌មាន និងកិច្ចការពារសុវត្ថិភាពអ្នកសារព័ត៌មាន ពិសេសដើម្បីលើកគុណតម្លៃរួមនៃវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន។ ធម្មនុញ្ញវិជ្ជាជីវៈនេះគឺជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន មានមូលដ្ឋានរួម តម្លៃរួម សម្រាប់ការអនុវត្តវិជ្ជាជីវៈ ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ឯករាជភាព និងជាពិសេសលើកកម្ពស់តម្លៃ និងពង្រឹងជំនឿទុកចិត្តមកលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។

សូមរម្លឹកផងដែរថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ក្រសួងព័ត៌មានបានផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន » ដែលកើតចេញពីឆន្ទៈរួមរបស់អ្នកសារព័ត៌មានខ្លួនឯងផ្ទាល់ ដើម្បីអ្នកសារព័ត៌មាន ហើយក៏សម្រាប់អ្នកសារព័ត៌មាន គាំទ្រដល់សិទ្ធិរបស់អ្នកសារព័ត៌មាន ។

ជាមួយគ្នានេះ ឯកឧត្តម ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច MSJ បានជម្រាបជូនថា ការអភិវឌ្ឍធនធានមនុស្សលើវិស័យសារព័ត៌មាន គឺជាបេសកកម្មស្នូលរបស់សមាគម តាមរយៈការបើកសិក្ខាសាលា និងវគ្គបណ្ដុះ បណ្ដាលបានជាច្រើនលើកជូនដល់អ្នកសារព័ត៌មាន មន្ដ្រីរាជការ សិស្ស និស្សិត ដោយផ្ដោតលើជំនាញសារព័ត៌មាន ជាពិសេសចំពោះអ្នកសារព័ត៌មានឈរលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានឱ្យមានប្រសិទ្ធភាព ៕
ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





