បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤បើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ
AKP កំពង់ធំ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥-- នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងនាយការិយាល័យស្ថាប័នចំណុះ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកអនុសេនីយ៍ឯក សេង មករា នាយរងការិយាល័យទី១នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានឡើងរាយការណ៍អំពីការគ្រប់គ្រងកម្លាំងទាំងបរិមាណនិងគុណភាពដោយឆ្លុះបញ្ចាំងក្នុងការអនុវត្តជាក់ស្ដែងតាមលក្ខន្តិកៈនិងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ។ លោកបានបញ្ជាក់ជូនអំពីការរៀនសូត្រអប់រំចិត្តសាស្ត្រ និងការអនុវត្តតាមសេចក្តីណែនាំលេខ០០៣ /២០២០ ស.ណ.ន របស់ក្រសួងការពារជាតិស្តីពីវិធានការពង្រឹងការអនុវត្តន៍លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់ ខ.ភ.ម រួមទាំងលំហាត់របៀប។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ ព្រមទាំងនាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលអនុវត្តបានល្អតាមតួនាទីភារកិច្ច លក្ខន្តិកៈ ច្បាប់ និង បទវិន័យទូទៅរបស់កងយុទ្ធពលខេមរភូមិន្ទ ព្រមទាំងការអនុវត្តបានល្អតាមសេចក្តីណែនាំលេខ០០៣/២០២០ របស់ក្រសួងការពារជាតិ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាលកងឯកភាព នាយការិយាល័យស្ថាប័នចំណុះ និងយោធិនគ្រប់រូប ត្រូវ៖ ទី១. ប្តេជ្ញាចិត្តដាច់ខាត ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដែលបច្ចុប្បន្នដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ទី២. ត្រូវរៀនសូត្រ អប់រំចិត្តសាស្ត្រពង្រឹងសតិអារម្មណ៍ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទជូនដល់យោធិនគ្រប់រូបឱ្យបានជាប់ជាប្រចាំ។ ទី៣. យោធិនគ្រប់រូបត្រូវអនុវត្តឱ្យបានមុឺងម៉ាត់តាមលក្ខន្តិកៈ ច្បាប់ និងបទវិន័យទូទៅ របស់កងយោធពលខេមរភូមិន្ទ។ ចំពោះយោធិនដែលប្រព្រឹត្តខុសឆ្គងត្រូវធ្វើការអប់រំ ព្រមាន ឬដាក់វិន័យតាមច្បាប់ និងលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ។ ក្នុងករណីមិនរៀងចាល ត្រូវរាយការណ៍ និងស្នើសុំទៅថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តាមឋានានុក្រម ដើម្បីលុបឈ្មោះចេញពីបញ្ជីកងយោធពលខេមរភូមិន្ទ ឬត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់។
ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាពការិយាល័យ និងស្ថាប័នចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាត អនុវត្តឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ តាមបទបញ្ជា និងការណែនាំរបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





