សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំបន្តចុះចែកធុងចម្រោះទឹកស្អាតនៅស្រុកស្ទោង
AKP កំពង់ធំ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥-- លោកស្រី លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ការចូលរួមប្រើប្រាស់ធុងចម្រោះទឹកស្អាតរបស់ប្រជាពលរដ្ឋដើម្បីចូលរួមចំណែកគាំទ្រ ការរស់នៅស្អាត ហូបស្អាត និងអនាម័យល្អ នៅកម្ពុជា ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅនិងសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ លោកស្រីបានលើកឡើងដូចនេះក្នុងពិធីចែកធុងចម្រោះទឹកស្អាត ជូនដល់ប្រជាពលរដ្ឋប្រមាណ ២៥០នាក់ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

លោកស្រី លំ គន្ធារី បានមានប្រសាសន៍ថា ការផ្តល់ធុងចម្រោះទឹកស្អាតនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការគិតគូរពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រោះធុងចម្រោះទឹកស្អាត ជួយសន្សំសំចៃ និងជាការរួមចំណែកមួយរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជាពិសេសតែងតែជួយគាំទ្រសកម្មភាពរបស់ស្ត្រីគ្រប់កាលៈទេសៈ។

ក្នុងឱកាសនោះលោកស្រីបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព កត្តាដែលសំខាន់នោះ គឺការរស់នៅដោយប្រកាន់យកការរស់នៅស្អាត ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះជាពិសេសក្មួយៗសិស្សានុសិស្សត្រូវខិតខំបន្តការសិក្សារៀនសូត្រ ប្រកបដោយចំណេះដឹង និងបំណិនជីវិតប្រកបដោយក្រមសីលធម៌វិជ្ជាជីវឱ្យក្លាយជាពលរដ្ឋ មានសមត្ថភាពពេញលក្ខណៈ ទាំងចំណេះដឹង វិន័យ សីលធម៌ ស្មារតីរឹងប៉ឹង និងសុខភាពល្អប្រសើរ ដើម្បីជាធនធានបន្តវេនដ៏មានសក្តានុពលក្នុងការចូលរួមការពារ អភិរក្ស និងអភិវឌ្ឍប្រទេសជាតិ ចៀសឆ្ងាយពីគ្រឿងញៀន ក្មេងទំនើងបងតូចបងធំ ចូលរួមគោរពច្បាប់ចរាចរណ៍ និងថែទាំសុខភាពឱ្យបានគ្រប់ៗគ្នា។ ចំណែកឯអាជ្ញាធរ ត្រូវតែពង្រឹងឱ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋាន តាមគោលនយោបាយរបស់រាជរដ្ឋាបាល។


សូមបញ្ជាក់ថា ធុងចម្រោះទឹកស្អាត ២០០២ធុង ដែលផ្តល់ដោយក្រុមហ៊ុន SIPCO ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកស្ទោង តាមរយៈសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍៕
ដោយ ស៊ុម វណ្ណា





