គណៈគ្រប់គ្រង និងគ្រូឧទ្ទេសប្រមាណ២០០នាក់ទទួលការបំប៉នសមត្ថភាពលើជំនាញ «ការប្រើប្រាស់ថ្នាលអភិវឌ្ឍន៍សមត្ថភាព និងសាលាឌីជីថល»
AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥-- នាយកដ្ឋានបរិវត្តកម្មឌីជីថលនៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបំប៉ន សមត្ថភាពលើជំនាញ «ការប្រើប្រាស់ថ្នាលអភិវឌ្ឍន៍សមត្ថភាព និងសាលាឌីជីថល» ជូនដល់គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំប្រមាណ២០០នាក់ ដើម្បីលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពបង្រៀនដល់គ្រូឧទ្ទេស តាមរយៈការប្រើប្រាស់ថ្នាលអភិវឌ្ឍន៍សមត្ថភាព ដែលមានតំណ៖ cdp.moeys.gov.kh ជំនួយក្នុងការបង្រៀន ការគ្រប់គ្រងសម្ភារឧបទេសបង្រៀនក្នុងវគ្គសិក្សាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសាលាឌីជីថលសម្រាប់ប្រព័ន្ធគ្រប់គ្រងឯកសារ និងចែករំលែក ឯកសាររបស់វិទ្យាស្ថានជាតិអប់រំដល់គរុនិស្សិត គរុសិស្ស សិស្ស និងសាធារណជនទូទៅ ដែលមានតំណ៖ sala.moeys.gov.kh។

នាយកដ្ឋានបរិវត្តកម្មឌីជីថលនៃក្រសួងអប់រំ យុវជន និងកីឡា រំពឹងទុកថា ក្រោយការបញ្ចប់វគ្គបំប៉នសមត្ថភាពលើជំនាញ «ការប្រើប្រាស់ថ្នាលអភិវឌ្ឍន៍សមត្ថភាព និងសាលាឌីជីថល»នេះទៅគណៈគ្រប់គ្រង និងគ្រូឧទ្ទេស ដែលទទួលបានវគ្គបំប៉នសមត្ថភាពមានលទ្ធភាពយល់ដឹងពីការប្រើប្រាស់ថ្នាលអភិវឌ្ឍន៍សមត្ថភាព ជំនួយដល់ការបង្រៀន និងរៀនបានយ៉ាងល្អក្រោយពី សិក្សាចប់វគ្គមគ្គុទ្ទេសក៍សម្រាប់អ្នកបង្កើតវគ្គសិក្សាលើថ្នាលអភិវឌ្ឍន៍សមត្ថភាព និងបង្កើតសាលា និម្មិតរបស់វិទ្យាស្ថាន និងសម្តែងនូវការអបអរ សាទរ និងពេញចិត្តក្នុងការចូលប្រើប្រាស់ថ្នាលអភិវឌ្ឍន៍សមត្ថភាព និងសាលាឌីជីថល ព្រមទាំងបានកោតសរសើរអំពីអត្ថប្រយោជន៍របស់ថ្នាល សិក្សានេះសម្រាប់ការសិក្សា និងស្រាវជ្រាវសម្រាប់គ្រូឧទ្ទេស និងគរុសិស្ស និស្សិត។


នាយកដ្ឋានបានជំរុញឱ្យគណៈគ្រប់គ្រង និងគ្រូឧទ្ទេសដែលបានចូលរួមវគ្គបំប៉នសមត្ថភាពយកចិត្តទុកដាក់ក្នុងការសិក្សាតាមថ្នាលអភិវឌ្ឍន៍សមត្ថភាព cdp.moeys.gov.kh និងសាលាឌីជីថល sala.moeys.gov.kh ដើម្បីឱ្យការសិក្សាតាមបែបឌីជីថលកាន់តែមានភាពទូលំទូលាយដល់ សិស្សនៅគ្រប់តំបន់ក្នុងប្រទេស និងដើម្បីលើកកម្ពស់ការអប់រំបែបឌីជីថលនៅប្រទេសកម្ពុជា៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





