រដ្ឋបាលខេត្តព្រះសីហនុថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋមានការយល់ដឹងចូលរួមថែរក្សាដើមឈើនៅមុខលំនៅឋានរបស់ពួកគាត់
AKP ព្រះសីហនុ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ដែលមានការយល់ដឹងចូលរួមថែទាំស្រោចទឹក និងដាក់ជីដើមឈើដែលបានធ្វើការដាំដុះនៅតាមមុខលំនៅឋានរបស់ពួកគាត់ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដែលជាការលម្អបរិស្ថានក្នុងទីប្រជុំជនក្រុងព្រះសីហនុ នាពេលបច្ចុប្បន្ននេះ។

ការចូលរួមថែទាំ ស្រោចទឹក ដាក់ជីនាពេលនេះ បង្ហាញថា ប្រជាពលរដ្ឋរបស់យើងពួកគាត់កាន់តែមានការយល់ដឹងកាន់តែច្បាស់ស្តីពីបរិស្ថានបៃតងនៃការដាំដើមឈើនៅតាមមុខលំនៅឋាននាពេលនេះ សបញ្ជាក់ថា ពួកគាត់មានការយល់ដឹងស្តីអំពីបរិស្ថានបៃតងនៅក្នុងទីប្រជុំជនក្រុងព្រះសីហនុ ព្រោះបើទីក្រុងរបស់យើងមានភាពបៃតង បរិស្ថានអនាម័យល្អ នាំមកនូវផាសុកភាព និងស័ក្តិសមជាទីក្រុងមួយដែលមានការអភិវឌ្ឍ។ ទន្ទឹមនឹងមានការអភិវឌ្ឍត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ មិនអាចខ្វះបាននោះទេ ប្រសិនបើមិនមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ការងារថែទាំដើមឈើនៅតាមដងផ្លូវនានាក្នុងក្រុងរបស់យើងមិនទទួលបានភាពបៃតងនោះដែរ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា បច្ចុប្បន្នការងារថែទាំដើមឈើនៅតាមដងផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ជាអ្នកមើលថែស្រោចទឹក ដាក់ជី និងការជួសឡើងវិញនៅពេលដែលដើមឈើងាប់ ដោយសារតែនាពេលកន្លងមកប្រជាពលរដ្ឋពួកគាត់មិនមានការយល់ដឹងបាន យកសំរាម ឬដាក់វត្ថុផ្សេងៗនៅគល់ដើមឈើ បណ្តាលឱ្យដើមឈើងាប់ ក៏ប៉ុន្តែបើមានការយល់ដឹង និងចូលរួមថែរក្សាស្រោចទឹក ដាក់ជីពីបងប្អូនប្រជាពលរដ្ឋអាចជួយសម្រួលបន្ទុកដល់ការងាររបស់មន្ទីរកសិកម្មបានមួយចំនួនតូចផងដែរ ព្រោះនៅក្នុងក្រុងព្រះសីហនុ មានដើមឈើរាប់ម៉ឺនដើម ដែលបានធ្វើការដាំដុះនៅតាមបណ្តោយមហាវិថី រុក្ខវិថី និងវិថីនានាក្នុងក្រុងព្រះសីហនុ ដែលទាមទារឱ្យមានការចូលរួមថែទាំពីប្រជាពលរដ្ឋដែលមានលំនៅឋានរៀងៗខ្លួន។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ សូមចូលរួមថែទាំ រក្សាការពារដើមឈើដែលបានដាំដុះនៅតាមមុខលំនៅឋានរៀងៗខ្លួន និងចូលរួមដាំដើមឈើ ឱ្យបានច្រើនបន្ថែមទៀត ព្រោះដើមឈើដែលនៅតាមដងផ្លូវសាធារណនានាក្នុងក្រុងព្រះសីហនុ វាជួយបង្កើនសោភ័ណភាព បរិស្ថានបៃតងក្នុងទីប្រជុំជនក្រុងព្រះសីហនុរបស់យើង ដែលជាទីក្រុងទេសចរណ៍ និងវិនិយោគប្រកបដោយភាពបៃតង៕
ដោយ ងូ សុមុនី





