ស្ថានទូតអាម៉េរិក រៀបចំកិច្ចប្រជុំកំពូលយុវជនអាស៊ីអាគ្នេយ៍ YSEALI លើប្រធានបទស្តីពី ការចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់អាស៊ាន
AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥
ស្ថានទូតសហរដ្ឋអាមេរិក កំពុងរៀបចំកិច្ចប្រជុំកំពូលជាលើកដំបូង នៃអតីតសមាជិកកម្មវិធី YSEALI ស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋ ដែលរៀបចំធ្វើនៅរាជធានីភ្នំពេញ ពីថ្ងៃទី ០៩ ដល់ ១២ ខែមករា ឆ្នាំ ២០២៥ ។ កិច្ចប្រជុំដ៏មានសារសំខាន់នេះ ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមប្រារព្ធខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។

កិច្ចប្រជុំកំពូលប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ ផ្តោតលើប្រធានបទ៖ ការផ្តល់អំណាចដល់អតីតបេក្ខជនកម្មវិធី YSEALI ឱ្យបង្កើតនូវការផ្លាស់ប្តូរជាវិជ្ជមាន។ កិច្ចប្រជុំដែលកំពុងរៀបចំធ្វើនៅប្រទេសកម្ពុជានេះ មានអ្នកចូលរួមជាយុវជនចំនួន ១៧៥ ពីបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្ត ដើម្បីឱ្យពួកគេបានផ្លាស់ប្តូរគំនិតយោបល់ រៀនសូត្រពីគំរូគ្នា ដើម្បីចូលរួមធ្វើការសហគមន៍ កសាងនូវសមត្ថភាព និងសហការលើគម្រោងការចូលរួមសង្គមនានា ទាំងក្នុងស្រុកនិងតំបន់ ។ វេទិកានេះ ក៏នឹងផ្តល់ឱកាសធ្វើការអនុវត្តជាក់ស្តែងតាមរយៈ ការចុះតាមទីកន្លែងនានា ដូចជាស្ថានទូតអាម៉េរិក ស្ថាប័នរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល និងសហគ្រាសមួយចំនួនទៀត នៅរាជធានីភ្នំពេញ ។

ដោយមានការចូលរួមពីអ្នកអនុវត្តន៍កម្មវិធីមកពីសាកលវិទ្យាល័យ Nebraska នៅ Omaha ជាមួយស្ថាប័នដៃគូ សាកលវិទ្យាល័យរដ្ឋ Arizona និង សាកលវិទ្យាល័យរដ្ឋ Portland កិច្ចប្រជុំកំពូលអ្នកផ្លាស់ប្តូរអាស៊ីអាគ្នេយ៍ ផ្តោតលើចំណុចខ្លាំងនៃរវាងទំនាក់ទំនងប្រជាជននិងប្រជាជន និងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក លើសសរស្តមសង្គមសេដ្ឋកិច្ច ក្រោមភាពជាដៃគូយុទ្ធសាស្ត្រអាមេរិក អាស៊ាន ។
លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិក មានប្រសាសន៍ថា៖ «កិច្ចប្រជុំកំពូលអ្នកផ្លាស់ប្តូរអាស៊ីអាគ្នេយ៍ នៃកម្មវិធី YSEALI ជាការឆ្លុះបញ្ចាំងពីការជួយគាំទ្រជាយូរអង្វែងរបស់សហរដ្ឋអាមេរិកលើការអភិវឌ្ឍភាពជាអ្នកដឹកនាំយុវជន នៅក្នុងតំបន់។ ដែលនេះជាព្រឹត្តិការណ៍លើកដំបូងក្នុងការប្រារព្ធខួបលើកទី ៧៥ ឆ្នាំនៃទំនាក់ទំនងការទូតសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០២៥ នេះ ។ តាមរយៈកម្មវិធី YSEALI យើងបន្តការផ្តល់ភាពអង់អាចដល់យុវជនជាអ្នកដឹកនាំនាពេលអនាគត ដើម្បីលើកកម្ពស់នូវការភ្ជាប់ទំនាក់ទំនងគ្នាដ៏រឹងមាំ បង្កើតបាននូវអនាគតដែលមានភាពធន់ មានការចូលរួម និងមានចីរភាពសម្រាប់តំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក និងពិភពលោក» ។

កម្មវិធី YSEALI បង្កើតនៅឆ្នាំ ២០១៣ ជាកម្មវិធីចម្បងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីពង្រឹងនូវការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងបណ្តាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានកំណើនសមាជិកដល់ទៅ ១៥៥ ០០០ នាក់ នៅក្នុងតំបន់ ។ កម្មវិធី YSEALI មានគោលបំណងបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំដល់យុវជន នៅក្នុងតំបន់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្លងកាត់តាមព្រំដែន ក្នុងការដោះស្រាយនូវបញ្ហាប្រឈមក្នុងតំបន់និងពិភពលោក ។

សូមជម្រាបជូនថា តាមរយៈកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរការអប់រំ និងវប្បធម៌ និងអាហារូបករណ៍ខ្លីៗ ថ្នាក់តំបន់ កិច្ចប្រជុំកំពូល សិក្ខាសាលា និងជំនួយឧបត្ថម្ភលើគម្រោងខ្លីៗក្រោយទស្សនកិច្ចនេះ កម្មវិធី YSEALI ផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំជាយុវជន ពង្រឹងទំនាក់ទំនងរវាងប្រជាជនសហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍ ព្រមទាំងធ្វើការអភិវឌ្ឍនៅក្នុងសហគមន៍អាស៊ានទាំងមូល ៕
ដោយ៖ រិទ្ធី





