ស្ត្រីនៅស៊ីរីបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីដើរតួនាទីយ៉ាងសកម្មនៅក្នុងរដ្ឋាភិបាលថ្មី
AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ -- បន្ទាប់ពីការដួលរលំនៃរបបលោក បាសា អាសាដ (Bashar Assad) របស់ប្រទេសស៊ីរី ក្រុមស្ត្រីបានបន្តធ្វើការងារដើម្បីធ្វើឱ្យសំឡេងរបស់ពួកគេត្រូវបានឮ និងក្លាយជាភាគីពាក់ព័ន្ធយ៉ាងសកម្មនៅក្នុងការរៀបចំរដ្ឋបាលថ្មី។
កាលពីពេលថ្មីៗនេះ ចលនានយោបាយរបស់ស្ត្រីស៊ីរី (SWPM) បានរៀបចំសន្និសិទសារព័ត៌មានមួយនៅរដ្ឋធានីដាម៉ាស់ ដើម្បីបង្ហាញពីការទាមទាររបស់ពួកគេសម្រាប់រដ្ឋាភិបាលថ្មីដើម្បីត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃសេរីភាព និងសមភាព។
លោកស្រី ជូម៉ាណា សេហ្វ (Joumana Seif) ដែលជាសហស្ថាបនិកនៃចលនា SWPM និងជាទីប្រឹក្សាផ្នែកច្បាប់សម្រាប់កម្មវិធីឧក្រិដ្ឋកម្ម និងគណនេយ្យភាពអន្តរជាតិនៅមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់រដ្ឋធម្មនុញ្ញ និងសិទ្ធិមនុស្ស (ECCHR) បានប្រាប់សារព័ត៌មានអាណាដូលូ (Anadolu) ថាពួកគេបានរៀបចំកិច្ចប្រជុំនេះដើម្បីនិយាយអំពីអ្វីដែលចលនានេះសម្រេចបាននៅក្នុងរយៈពេល ៧ឆ្នាំចាប់តាំងពីការបង្កើតចលនានេះឡើងនិងដើម្បីបញ្ជាក់ពីតួនាទីរបស់ស្ត្រីក្នុងការបង្កើតរដ្ឋាភិបាលថ្មីផងដែរ។
លោកស្រី សេហ្វ បានសង្កត់ធ្ងន់ថា ស្ត្រីគឺជាអ្នកពាក់ព័ន្ធដ៏សំខាន់នៅក្នុងបដិវត្តន៍ស៊ីរី ដោយលោកស្រីបានកត់សម្គាល់ថា ភាគច្រើននៃអ្នកចូលរួមនៅក្នុងបាតុកម្មលើកដំបូងប្រឆាំងនឹងរបបលោក អាសាដ នៅមុខក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១១ គឺជាស្ត្រី។
ដោយកត់សម្គាល់ថា បាតុកម្មនោះត្រូវបានរៀបចំឡើងដោយស្ត្រីហើយថាស្ត្រីស៊ីរីគួរតែអាចបញ្ចេញសំឡេងនៅក្នុងការរៀបចំអនាគតរបស់ប្រទេសនោះ លោកស្រី សេហ្វ បានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមកដើម្បីជួបគ្នានៅលើមូលដ្ឋានរួមមួយ។
លោកស្រីបានគូសបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ គឺជាមធ្យោបាយតែមួយគត់សម្រាប់ប្រទេសស៊ីរីក្នុងការមានអនាគតភ្លឺស្វាង និងបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសន្តិភាពប្រកបដោយនិរន្តរភាព និងយុត្តិធម៌អន្តរកាល ក្នុងការផ្លាស់ប្តូរទៅកាន់រដ្ឋាភិបាលថ្មី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





