ប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ជរាគ្មានទីពឹងទទួលអំណោយពីសាខាកាកបាទក្រហមខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥-- លោក ប៉ែន ច័ន្ទរិទ្ធា មន្រ្តីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាន ដឹកនាំមន្ត្រីអនុសាខាស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ជរាគ្មានទីពឹងចំនួន១៥គ្រួសារ ក្នុងនោះស្រុកស្ទឹងហាវចំនួន៥គ្រួសារ និងស្រុកព្រៃនប់ចំនួន១០គ្រួសារ កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក ប៉ែន ច័ន្ទរិទ្ធា បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកអាណិតអាសូរពីឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ។ សាខាកាកបាទក្រហមកម្ពុជា តែងតែគិតគូរជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តព្រះសីហនុ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ គឺធ្វើយ៉ាងណាត្រូវនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋរបស់យើង នៅតាមក្រុង ស្រុកបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់ខ្វះខាតស្បៀងអាហារ ដោយសារតែយើងមិនបានគិតគូរអំពីជីវភាពរបស់ពួកគាត់នោះទេ។ ម្យ៉ាងទៀតអំណោយដែលបាននាំយកមកចែកជូនគឺជាការចូលរួមជួយឧបត្ថម្គគាំទ្រពីឯកឧត្តម លោកជំទាវ និងបងប្អូនសប្បុរស ជនក្នុងខេត្ត និងក្រៅខេត្ត ដែលសទ្ធាជ្រះថ្លាចូលរួមជាមួយសាខាកាកបាទក្រហមខេត្តនាពេលកន្លងមក ដែល ធ្វើឱ្យសាខាមានធនធានសម្រាប់ធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ជរាគ្មានទីពឹងក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

សូមជម្រាបជូនថា អំណោយដែលផ្ដល់ជូនគ្រួសារងាយរងគ្រោះ និងជនចាស់ជរាគ្មានទីពឹងចំនួន១៥គ្រួសារ សម្រាប់មួយគ្រួសារ រួមមាន អង្ករ២៥គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកត្រី១យួរ និងថវិកាចំនួន១០ម៉ឺនរៀល។ ចំណែកគ្រួសារមានពិការភាព០៦នាក់ ទទួលបានអង្ករ៥០គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកត្រី១យួរ និងថវិកាចំនួន១០ម៉ឺនរៀល៕



ដោយ ងូ សុមុនី





