សហគមន៍ចិញ្ចឹមឃ្មុំនៅខេត្តបាត់ដំបងទទួលបានភាពជោគជ័យ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ -- សហគមន៍ចិញ្ចឹមឃ្មុំបានបង្កើតឡើងក្នុងឆ្នាំ ២០២២ ក្រោមការគាំទ្រពីគម្រោង EU-CAPFISH/FOSTER Lot 1 ដែលគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប ក្រុមនេះមានសមាជិក ៥ នាក់ បានប្រែក្លាយការចិញ្ចឹមឃ្មុំទៅជាអាជីវកម្មដែលរីកចម្រើន។

មន្ត្រីអង្គការ CI បានឱ្យដឹងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ថា គំនិតផ្តួចផ្តើមនេះមានគោលបំណងគាំទ្រដល់កសិករក្នុងការចិញ្ចឹមឃ្មុំដើម្បីទទួលបានប្រាក់ចំណូល ដែលរួមបញ្ចូលការចូលរួមក្នុងការអភិរក្សបរិស្ថាន និងការអភិវឌ្ឍន៍សហគមន៍។

លោក សំណាង សមាជិកសហគមន៍គ្រប់គ្រងប្រតិបត្តិការចិញ្ចឹមឃ្មុំ បានលើកឡើងថា កាលពីមុន សហគមន៍អាចប្រមូលទឹកឃ្មុំបានតែ២ ទៅ៣លីត្រ សម្រាប់ប្រើប្រាស់ក្នុងគ្រួសារតែប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីគម្រោងចាប់ផ្តើមអនុវត្ត សហគមន៍របស់យើងបានបង្កើនផលិតកម្មចន្លោះពី៥០០ ទៅ១ ០០០ លីត្រ ក្នុងមួយខែ ទោះបីជាយើងនៅតែប្រឈមមុខនឹងបញ្ហាក្នុងការនាំចូលទៅកាន់ទីផ្សារក៏ដោយ។

គំនិតផ្តួចផ្តើមការចិញ្ចឹមឃ្មុំជាគំរូជោគជ័យសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅប្រទេសកម្ពុជា។ តាមរយៈការរួមបញ្ចូលគ្នានូវឱកាសសេដ្ឋកិច្ចជាមួយនឹងទំនួលខុសត្រូវបរិស្ថាន និងការចូលរួមរបស់សហគមន៍ គម្រោងនេះមិនត្រឹមតែលើកកម្ពស់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកសាងភាពធន់សម្រាប់អនាគត និងនិរន្តរភាពរបស់សហគមន៍ផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ CI)





