ម៉ាល់តាសន្យាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន ៤១% នៅឆ្នាំ២០៣០
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ -- រដ្ឋាភិបាលម៉ាល់តាបាននិយាយថា ខ្លួនបានបង្ហាញផែនការថាមពល និងអាកាសធាតុជាតិ ដែលបានធ្វើបច្ចុប្បន្នភាពទៅកាន់គណៈកម្មការសហភាពអឺរ៉ុប ជាមួយនឹងការសន្យាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន ៤១% នៅត្រឹមឆ្នាំ២០៣០។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបរិស្ថាន ថាមពល និងអនាម័យសាធារណៈ បាននិយាយថា រដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ខណៈពេលដែលការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ហើយបានសន្យាថានឹងមិនធ្វើឱ្យពលរដ្ឋខកចិត្តក្នុងការសម្រេចគោលដៅរបស់ខ្លួន។
ប្រទេសម៉ាល់តាប្តេជ្ញាបង្កើនចំណែកនៃថាមពលកកើតឡើងវិញដល់ប្រហែល ២៥% នៃការប្រើប្រាស់ថាមពលសរុបនៅឆ្នាំ២០៣០ ឱ្យលើសពីគោលដៅដែលបានកំណត់ពីមុន។ នេះតាមការអំពាវនាវជាអន្តរជាតិសម្រាប់សំណើផលិតថាមពលខ្យល់។
វិស័យកាកសំណល់ត្រូវបានគេរំពឹងថានឹងឃើញការថយចុះ ៥៩% នៃការបំភាយឧស្ម័នបើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ដោយសារគ្រឿងបរិក្ខាររៀបចំទុកជាមុន រោងចក្រកែច្នៃកាកសំណល់សរីរាង្គ ប្រព័ន្ធទាញយកឧស្ម័នដែលបង្វែរកាកសំណល់ចេញពីកន្លែងចាក់សំរាម និងគម្រោងកាកសំណល់ទៅជាថាមពល។
ក្រសួងបានទទួលស្គាល់ថា ការខិតខំប្រឹងប្រែងកាន់តែខ្លាំង គឺត្រូវការជាចាំបាច់នៅក្នុងវិស័យដឹកជញ្ជូនដែលមានចំនួន ៣៧% នៃការបំភាយឧស្ម័នរបស់ប្រទេសម៉ាល់តា។ ក្រសួងបាន បន្ដថា ប្រជាជននឹងបន្តត្រូវបានលើកទឹកចិត្តឱ្យប្តូរទៅប្រើយានយន្តអគ្គិសនី ខណៈពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ត្រូវបានកែលម្អ ហើយផែនការជាតិដែលមានបញ្ហាប្រឈមត្រូវបានពិភាក្សា និងអនុវត្តន៍។
លោក មីរ៉ាម ដាលលី (Miriam Dalli) រដ្ឋមន្ត្រីក្រសួងបរិស្ថានម៉ាល់តាបាននិយាយថា «ផែនការថាមពល និងអាកាសធាតុជាតិនេះ តំណាងឱ្យការប្តេជ្ញាចិត្តផ្លាស់ប្តូរដើម្បីពង្រឹងនិរន្តរភាព និងភាពរឹងមាំរបស់ប្រទេសម៉ាល់តា។ យើងបានអនុវត្តន៍ និងបន្តធ្វើការផ្លាស់ប្តូរសំខាន់ៗ»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





