ក្រុមមន្ទីរបណ្តុះបណ្តាលវិជ្ជាជីវៈឈ្នះជើងឯកបាល់ទាត់ខេត្តកណ្តាល អបអរសាទរទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៥
AKP ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥--ក្រុមបាល់ទាត់មន្ទីរបណ្តុះបណ្តាលវិជ្ជាជីវៈបានឈ្នះម្ចាស់ជើងឯក បន្ទាប់ពីបានយកឈ្នះលើក្រុមបាល់ទាត់ SCV FC ដោយលទ្ធផលបច្ចេកទេស ៤-៣ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅកីឡដ្ឋានខេត្តកណ្តាលនៃព្រឹត្តិការណ៍ប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ ក្រោមការរៀបចំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩-៧មករា ឆ្នាំ២០២។

ក្រុមបាល់ទាត់មន្ទីរបណ្តុះបណ្តាលវិជ្ជាជីវៈ ដណ្តើមម្ចាស់ដំណែងជើងឯក ខណៈក្រុមបាល់ទាត់ SCV FC ទទួលបានជើងឯករង ស្របពេលដែលក្រុមបាល់ទាត់យុវជនវត្តសិរីបន្ទាយដែក ទទួលបានចំណាត់ថ្នាក់លេខ ៣ និងក្រុមបាល់ទាត់យុវជនជ្រោយមេត្រី ទទួលបានចំណាត់ថ្នាក់លេខ ៤។ ការប្រកួតកីឡាប៉េតង់ និងកីឡា បាល់ទាត់ អបអរសាទរ ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ឆ្នាំ២០២៥ ខេត្តកណ្តាល បានដំណើរការចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី ៨ ខែ មករា ឆ្នាំ២០២៥។

លោក ចេង សំអ៊ុល ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តកណ្តាល ដែលបានផ្តល់កិត្តិយសអញ្ជើញបំពាក់ មេដាយ និងប្រគល់ពានរង្វាន់ក្រុមជ័យលាភីបានលើកឡើងថា ក្នុងនាមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល និងក្នុងនាមលោកប្រធានផ្ទាល់ លោកបានបង្ហាញក្តីសោមនស្សរីករាយឥតឧបមា ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីដ៏មានអត្ថន័យ នាឱកាសនេះ។

លោកប្រធានមន្ទីរអប់រំខេត្តកណ្តាលគូសបញ្ជាក់ថា ៧មករា គឺជាថ្ងៃប្រវិត្តសាស្ត្រដែលមិនអាចបំភ្លេចបាន តកូនចៅរហូត បើគ្មានជ័យជម្នះ៧ មករាយើងពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើយ ដើម្បីបណ្តុះដើមឈើ ៧មករានេះបាន ត្រូវបូជា សាច់ស្រស់ ឈាមស្រស់ របស់វីរជនស្នេហាជាតិ ក្នុងការប្រយុទ្ធប្រឆាំង ជាមួយបនប្រល័យពូជសាសន៍។ នៅពេលដើមឈើ៧មករាបានរស់រានមានជីវិត គណបក្សប្រជាជនកម្ពុជាដែលជា អ្នករំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍បានក្លាយជាអ្នកថែរក្សា ពូនជ្រុំដើមឈើ៧មករានេះឱ្យបែកមែកសាខា មានផ្កា មានផ្លែរហូតដល់បច្ចុប្បន្ន។

លោក ចេង សំអ៊ុល បន្ថែមថា ដោយសារនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ និងមានស្ថេរភាពនយោបាយ ព្រមទាំងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពីរាជធានីទៅបណ្តាខេត្តនានាទូទាំងប្រទេសធ្វើឱ្យប្រជាជនកម្ពុជាមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នាផ្លាស់ប្តូរកសិផល និងសេដ្ឋកិច្ចគ្នាទៅវិញទៅមក។ ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំយុទ្ធសាស្ត្រក្នុងគោលបំណងបន្តអភិវឌ្ឍប្រទេសកម្ពុជា មានដូចជាយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ហើយថ្មីៗនេះក្រោមការដឹកនាំរបស់សម្តេចមហាបវធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបន្តអភិវឌ្ឍ៥ចំណុចសំខាន់គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា។ សរុបសេចក្តីមកស្មារតី ៧ មករា មានគុណតម្លៃធំធេងជាអមតៈ សម្រាប់ប្រជាជនខ្មែរក្នុងការបន្តដំណើរទៅមុខទៀត ដើម្បីកសាងប្រទេសកម្ពុជាមានឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ក្នុងនាមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល លោក ចេង សំអ៊ុល ក៏បានបង្ហាញក្តីសប្បាយរីករាយជាមួយ លោក លោកស្រី និងបងប្អូនទាំងអស់ពិសេសសូមអរគុណការិយាល័យអប់រំកាយ និង កីឡា ដែលបានរៀបចំឱ្យមានកម្មវិធីប្រកួតកីឡានេះជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដាស់ស្មារតីប្រជាជនក្នុងខេត្តកណ្តាល ពិសេសយុវជនជំនាន់ក្រោយឱ្យចងចាំជានិច្ចក្នុងដួងចិត្តរបស់ពួកគាត់ទាំងអស់គ្នា៕

ដោយ ហេង ណាលីន





