វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាគុនដាវ កម្រិត១ បានបិទបញ្ចប់ដោយជោគជ័យ ដើម្បីបន្តដំណើរការអភិវឌ្ឍន៍
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ -- វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាគុនដាវកម្រិត១ ប្រចាំឆ្នាំ២០២៤ ដែលមានសិក្ខាកាមមកពី៨ក្លឹបរាជធានី-ខេត្តត្រូវបានបិទបញ្ចប់ដោយជោគជ័យ ដើម្បីបន្តដំណើរការអភិវឌ្ឍធនធានឱ្យកាន់តែល្អប្រសើរបន្ថែមទៀត នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមវត្តមានលោកឧកញ៉ា អ៊ុក សារ៉ែន អនុប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា និងឯកឧត្តម ព្រំ ប៊ុនយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងការចូលរួមពីលោក សុខ អាង អគ្គលេខាធិការសហព័ន្ធផងដែរ។

លោកឧកញ៉ា អ៊ុក សារ៉ែន បានគូសបញ្ជាក់ថា យោងតាមផែនការប្រចាំឆ្នាំរបស់សហព័ន្ធកីឡាគុនដាវកម្ពុជា និងការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាឡាគុនដាវ កម្រិត១ ប្រចាំឆ្នាំ២០២៤។ បើទោះជាវគ្គនេះ មានការយឺតយ៉ាវ ក្នុងការរៀបចំ ប៉ុន្តែវាក៏ជាឱកាសដ៏ល្អ និងសមស្របសម្រាប់លោកគ្រូសញ្ជាតិជប៉ុន លោក Takashi Kuwahata ដឹកនាំវគ្គនេះដោយផ្ទាល់។

អនុប្រធាបន្ថែមថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាគុនដាវកម្រិត១នេះ ត្រូវបានបង្កើតឡើងស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល «ប្រជាពលរដ្ឋម្នាក់នេះលេងកីឡាមួយប្រភេទប្រចាំជីវីត» និងផែនការមេរបស់ហព័ន្ធកីឡាគុនដាវ «បង្កើនការចូលរួម»។ ក្នុងន័យនេះ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាគុនដាវនេះត្រូវបានតាក់តែងមេរៀនក្នុងកម្រិតមូលដ្ឋានស្របតាមលក្ខខណ្ឌ និងកម្រិតជំនាញគោលដៅសិក្ខាកាម។ តាមលក្ខណៈបច្ចេកទេសនៃកីឡាគុនដាវ វគ្គបណ្តុះបណ្ដាលគ្រូបង្វឹកនេះត្រូវបានបែងចែកជា៤កម្រិត គឺកម្រិត១ មូលដ្ឋានគ្រឹះនៃកីឡាគុនដាវ និងការចាប់ផ្តើមហ្វឹកហាត់, កម្រិត២ ផែនការហ្វឹកហាត់ និងត្រៀមចូលរួមការប្រកួត, កម្រិត៣ ការរៀបចំការប្រកួត និងការជួសជុលសម្ភារ និងឧបករណ៍គុនដាវ និងកម្រិត៤ គឺអាជ្ញាកណ្តាលកីឡាគុនដាវ។

លោកឧកញ៉ា អ៊ុក សារ៉ែន បន្ថែមថា ក្រៅពីវគ្គបណ្តុះបណ្តាលថ្នាក់ជាតិនេះ សិក្ខាកាមទាំងអស់ ក៏មានឱកាសទៅចូលរួមវត្តបណ្តុះបណ្តាលត្រូវធ្វើកកម្រិតអាស៊ី និងអន្តរជាតិផងដែរ។ ក្នុង១ឆ្នាំ យើងមានវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដែលរៀបចំដោយសហព័ន្ធកីឡាគុនដាវអន្តរជាតិចំនួន៣ដង, សហព័ន្ធកីឡាគុនដាវអាស៊ី ៣ដង និងវគ្គសាមគ្គីអូឡាំពិកចំនួន២ដង។ តាងនាមសហព័ន្ធកីឡាគុនដាវកម្ពុជា លោកឧកញ៉ា អ៊ុក សារ៉ែន បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់ថវិកាគាំទ្រប្រចាំឆ្នាំដល់សហព័ន្ធបន្តការអភិវឌ្ឍ និងនិរន្តរភាពរបស់ខ្លួន ហើយថ្លែងអំណរគុណ ដល់លោក Takashi Kuwahata ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចែករំលែកចំណេះដឹង និងបទពិសោធដល់សិក្ខាកាមរស់យើង៕


ដោយ ហេង ណាលីន





