រដូវកាលធ្វើជំរឿនសត្វក្រៀលទូទាំងប្រទេសកម្ពុជាបានចូលមកដល់ហើយចាប់ពីចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥-- កាលបរិច្ឆេទនៃការធ្វើជំរឿនសត្វក្រៀលបានចាប់ផ្តើមធ្វើឡើងនៅចុងខែនីមួយៗ ចាប់ពីខែធ្នូ ដល់ខែឧសភាជារៀងរាល់ឆ្នាំ។ ក្រសួងបរិស្ថានបានឱ្យដឹងថានៅចុងខែធ្នូ ថ្ងៃទី៣០ និង៣១ ឆ្នាំ២០២៤ថ្មីៗនេះ ជាកាលបរិច្ឆេទនៃការធ្វើជំរឿនលើកដំបូងនៃរដូវកាលថ្មី ក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា ដែលបានកាន់ការងារនៅតាមទីតាំងដែលមានវត្តមានសត្វក្រៀលទូទាំងប្រទេស ដែលមានមន្រ្តីសហការក្រសួងបរិស្ថាន និងអង្គការដៃគូរួមមានអង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងអង្គការមជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) បានសហការគ្នាក្នុងការធ្វើជំរឿនតាមកាលបរិច្ឆេទដែលបានកំណត់។


គួរបញ្ជាក់ថាលទ្ធផលជំរឿនលើកទី១ទទួលបាន១២៣ក្បាល កត់ត្រាមកពីតំបន់ផ្សេងគ្នាទូទាំងប្រទេសកម្ពុជា៖ តំបន់ការពារទេសភាពអន្លង់ព្រីងកត់ត្រាបានចំនួន០៨ក្បាល តំបន់ការពារទេសភាពបឹងព្រែកល្ពៅកត់ត្រាបាន៤៤ក្បាល ដែនជម្រកសត្វព្រៃលំផាត់កត់ត្រាបានចំនួន២២ក្បាល ដែនជម្រកសត្វព្រៃឆែប និងព្រៃព្រះរការកត់ត្រាបានចំនួន១៣ក្បាល តំបន់ការពារទេសភាពវាលទំនាបខាងជើងបឹងទន្លេសាបកត់ត្រាបានចំនួន៣០ក្បាល តំបន់សត្វស្លាបពិសេសសេសានកត់ត្រាបានចំនួន០៣ក្បាល និងប៉ែកខាងស្រែអំបិលក៏បានកត់ត្រាបានចំនួន០៣ក្បាលផងដែរ៕
ដោយ៖ ដេប៉ូ





