គ.វ.ជ ចុះវាយតម្លៃនៅបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យវិស័យសុខាភិបាលឆ្នាំ២០២៤ របស់មន្ទីរពេទ្យបង្អែកពញាឮ ស្រុកពញាឮ
AKP កណ្ដាល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥-- លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាមួយគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) ចុះវាយតម្លៃនៅទីតាំងជាក់ស្តែងរបស់បេក្ខភាពជ័យលាភីអង្គភាពផ្តល់ សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ ២០២៤ របស់ មន្ទីរពេទ្យបង្អែកពញាឮ ស្រុកពញាឮ ដោយមានការអញ្ជើញចូលពីក្រុមកាងារគណៈកម្មការបច្ចេកទេសអន្តរក្រសួង មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកពញាឮផងដែរ។

លោក គ្រុយ ម៉ាឡែន បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកណ្ដាលបានសម្រេចជ្រើសរើសបេក្ខភាព ដែលមានពិន្ទុខ្ពស់ជាងគេចំនួន១០ មានវិស័យសុខាភិបាលចំនួន៦ និងវិស័យអប់រំ ចំនួន៤ ក្នុងនោះមានមន្ទីរពេទ្យបង្អែកគ្រប់កម្រិត២អង្គភាព វិទ្យាល័យ២អង្គភាព និងមត្តេយ្យសិក្សា២អង្គភាព ព្រមទាំងបានរៀបចំបញ្ជូន សំណើចូលរួមប្រកួតប្រជែងទៅថ្នាក់ជាតិ។ ការដាក់ចេញនូវការប្រលងប្រជែងវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលនេះឡើង មិនមែនគ្រាន់តែជាចលនាបំផុសឱ្យមានការយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចតាមបណ្តាអង្គភាពផ្តល់សេវាគោលដៅ ដើម្បីទទួលបានជ័យលាភី និងរង្វាន់លើកទឹកចិត្តប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យការបម្រើសេវាផ្ទាល់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានបានកាន់តែល្អប្រសើរ នាំឱ្យមានការជឿទុកចិត្ត និងគាំទ្រកាន់តែខ្លាំងមកលើរាជរដ្ឋាភិបាលបន្ថែមទៀត។ លោកអភិបាលរងខេត្តបានស្នើដល់អាជ្ញាធរមូលដ្ឋាន មន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកពញាឮ ត្រូវសហការឱ្យបានល្អជាមួយគណៈកម្មការថ្នាក់ជាតិ និងត្រូវខិតខិតយកចិត្តទុកដាក់នូវការណែនាំរបស់គណៈកម្មការថ្នាក់ជាតិ ក្នុងការចុះមកពិនិត្យ វាយតម្លៃផ្ទាល់ ដល់អង្គភាពផងដែរ។

សូមបញ្ជាក់ថា ជាលទ្ធផល ខេត្តកណ្តាលបានជាប់ជាបេក្ខភាពជ័យលាភីបឋមចំនួន ៦អង្គភាព នៅគ្រប់កម្រិត រួមមាន មន្ទីរពេទ្យបង្អែកតេជោសែនកោះធំ (កម្រិតCPA3) មន្ទីរពេទ្យបង្អែកពញ្ញាឮ (កម្រិតCPA2) មន្ទីរពេទ្យបង្អែកអង្គស្នួល (កម្រិតCPA1) វិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើមឫស សាលាមត្តេយ្យធនធានទួលត្នោត និងសាលាមត្តេយ្យធនធានក្រុងតាខ្មៅ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





