សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា អ្វីដែលអ្នកបន្តវេនបានធ្វើក្នុងរយៈពេល ជាង១៦ខែកន្លងទៅនេះ គឺគ្រប់គ្រាន់ណាស់ដើម្បីនឹងវាយតម្លៃ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ --សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា អ្វីដែលអ្នកបន្តវេនបានធ្វើក្នុងរយៈពេលប្រមាណជាង១៦ខែ កន្លងទៅនេះ គឺគ្រប់គ្រាន់ណាស់ដើម្បីនឹងវាយតម្លៃថារាជរដ្ឋាភិបាលនៃអ្នកបន្តវេនគឺបានធ្វើកិច្ចការដ៏ល្អលើសពីការរំពឹងទុករបស់យើងទៅទៀត។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (០៧.០១. ១៩៧៩–០៧.០១.២០២៥) នៅទីធ្លាខាងមុខមហាស្រពកោះពេជ្រ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងឋានៈជាអ្នកធ្លាប់កាន់តំណែងគន្លឹះតាំងតែពី ឆ្នាំ១៩៨៥ ហើយបើមើលឱ្យឆ្ងាយជាងនេះគឺការកាន់តំណែងនៅក្នុងក្របខ័ណ្ឌនៃការដឹកនាំរួមពីឆ្នាំ ១៩៧៩ សម្តេចពិតជាមានការយល់ដឹងនូវអារម្មណ៍ និងបទពិសោធន៍ទាក់ទិននឹងប្រសិទ្ធភាពនៃការងារ ប្រៀបធៀបរាជរដ្ឋាភិបាលនៃអ្នកដែលអនុវត្តន៍ពេលមុន និងរាជរដ្ឋាភិបាលរយៈពេលក្រោយនេះ គឺប្រសិទ្ធ ភាពអាចនិយាយបានថា គឺប្រសិទ្ធភាពលឿនជាងអ្នកជំនាន់មុន។ សម្ដេចតេជោអះអាងថា នេះមិនមែនជាការបន្ទោសបង្អាប់អ្នកជំនាន់មុននោះទេ ក៏ប៉ុន្តែដោយយោងទៅលើស្ថានភាពនៃវ័យ ដែលម្នាក់ៗសុទ្ធតែមានវ័យរហូតដល់៧០ ឆ្នាំរួចទៅហើយនោះ។

ដូច្នេះល្បឿននៃការអនុវត្តគឺមិនបានលឿនដូចអ្នកវ័យក្មេងទេ ដោយសម្តេចតេជោបានបន្ថែមថា ថ្ងៃមុនសម្តេចធ្លាប់បានលើកយកពាក្យចាស់ដែលបានប្រើថា «ក្មេងមានកម្លាំង តែចាស់ស្គាល់ផ្លូវ»។ ត្រង់ចំណុចនេះសម្តេចតេជោគិតថា មិនគួរនិយាយពាក្យនេះតទៅទៀតនោះទេ តែយើងគួរតែនិយាយថា «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍» នេះប្រហែលជាត្រឹមត្រូវជាង ព្រោះប្រវត្តិសាស្ត្រក៏បានបញ្ជាក់រួចស្រេចទៅហើយថា មនុស្សចាស់មួយចំនួនបាននាំក្មេងវង្វេងផ្លូវ រាប់ទាំងប្រទេសកម្ពុជារបស់យើងផង។

សម្ដេចតេជោបានថ្លែងបញ្ជាក់ថា តើនរណាជាអ្នកបង្កើតបញ្ហាសម្រាប់ប្រទេសជាតិមួយនេះនៅឆ្នាំ១៩៧០? នោះគឺជាមនុស្សចាស់នោះឯង ដែលនាំក្មេងវង្វេងផ្លូវ។ ក៏ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៧៩ មកពេលនោះគឺមន្ត្រីរបស់យើងមិនមានវ័យចំណាស់នោះទេ សូម្បីតែសម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម នៅ ពេលនោះទើបមានវ័យត្រឹមតែជាង៤០ឆ្នាំ ប៉ុណ្ណោះ ហើយយើងបានដឹកនាំ និងធ្វើការងារជាបន្តបន្ទាប់ ខណៈសម្តេច បានចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រីនៅត្រឹមអាយុ៣២ឆ្នាំប៉ុណ្ណោះ។ សម្ដេចតេជោបានបញ្ជាក់ឱ្យដឹងថា ដូច្នេះចំណុចត្រង់នេះក៏ចង្អុលបង្ហាញឱ្យឃើញថា ក្មេងមានទាំងកម្លាំង និងស្គាល់ទាំងផ្លូវ ហើយសម្រាប់មនុស្សចាស់គឺមាន បទពិសោធន៍។ សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាបានរម្លឹកផងដែរថា ជំនាន់ចាស់បានធ្វើកិច្ចការយ៉ាងច្រើនទាក់ទិននឹងការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទាក់ទិននឹងការទប់ស្កាត់ការវិលត្រឡប់នៃរបបបប្រល័យពូជសាសន៍ ប៉ុល ពត ការដោះស្រាបការអត់ឃ្លានដែលបានបន្សល់ទុកដោយរបបបប្រល័យពូជសាសន៍ ប៉ុល ពត និងការស្វែងរកសន្តិភាពជូនប្រទេសជាតិ។ ឯចំពោះដំណាក់កាលក្រោយនេះគឺជាដំណាក់កាលត្រូវតែរក្សានូវសន្តិភាព និងការអភិវឌ្ឍជាបន្ត ដោយល្បឿននៃការអភិវឌ្ឍមិនថមថយទេក្នុងរយៈពេល១៦ខែកន្លងទៅនេះ ក្នុងនោះកំណើនសេដ្ឋកិច្ចនៅតែល្អប្រសើរ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានធានា អតិផរណាក៏ត្រូវបានដោះស្រាយបានយ៉ាងល្អប្រសើរ ដែលនេះគឺជាបទពិសោធន៍មួយ ជាមេរៀនពិសោធន៍មួយ ទាំងសម្រាប់សម្តេចក្តី ទាំងថ្នាក់ដឹកនាំដែលបានចាកចេញពីរាជរដ្ឋាភិបាលក្តី គឺបានធ្វើការលះបង់នូវអំណាចផ្ទាល់ខ្លួន ដើម្បីដោះដូរយកនូវសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង៕
ដោយ៖ ចាន់ សុភឿន





